(ប្រីសឡាវ៉ា)៖ នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Igor Matovic បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួននៅថ្ងៃសុក្រនេះថា លទ្ធផលនៃការធ្វើតេស្តរកជំងឺ COVID-19 បានបង្ហាញថា លោកបានឆ្លងជំងឺដ៏កាចសាហាវនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
លោកបានសរសេរយ៉ាងដូច្នេះថា ខ្ញុំបានក្លាយជាមនុស្សម្នាក់ ក្នុងចំណោមអ្នកកើតជំងឺ COVID-19 ហើយនៅថ្ងៃនេះ។ ជាមួយគ្នានេះ លោកបានក្រើនរំលឹកដល់សាធារណជន ឲ្យបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀត។
ប្រព័ន្ធផ្សព្វផ្សាយរបស់ស្លូវ៉ាគី រួមទាំងអ្នកសង្កេតការណ៍ស្លូវ៉ាគីបានរាយការណ៍ថា លោក Matovic បានជួបមេដឹកនាំពីរនាក់ កាលយប់ថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ ហើយកាលពីសប្តាហ៍មុន លោកក៏បានចូលរួមកិច្ចប្រជុំកំពូល ជាមួយមេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែលផងដែរ។
គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron គឺនៅក្នុងចំណោមមេដឹកនាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ ក៏បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា លោកបានធ្វើតេស្តឃើញវិជ្ជមាន COVID-19៕