(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន (Joe Biden) បានប្រកាសតែងតាំងសមាជិកសភាតំណាងរាស្រ្តនៃរដ្ឋ ញូម៉ិចស៊ីកូ (New Mexico) លោកស្រី Deb Haaland ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលធ្វើឲ្យលោកស្រី ក្លាយជាស្រ្តីជនជាតិដើមអាមេរិកដំបូងបង្អស់ ដែលបំពេញតួនាទីគ្រប់គ្រង និងត្រួតត្រាលើធនធានធម្មជាតិ និងទឹកដីកុលសម្ព័ន្ធរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន Fox News នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
ការតែងតាំងជាប្រវត្តិសាស្រ្តនេះ ត្រូវបានអបអរសាទរដោយអ្នកតំណាងរាស្រ្ត លោកស្រី អាហ្សង់ឌ្រា អូកាស៊ីយ៉ូ (Alexandria Ocasio-Cortez) ដោយលោកស្រី បានលើកឡើងថា លោកស្រី Haaland នឹងប្រឹងប្រែងធ្វើការ ដើម្បីពង្រឹងបរិស្ថានសហរដ្ឋអាមេរិក ឆ្ពោះទៅរកគោលនយោបាយ Green New Deal។
លោកស្រី Alexandria Ocasio-Cortez បានសរសេរសារនៅលើគណនីបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោកស្រី នារសៀលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដូច្នេះថា៖ «នេះ គឺជាបញ្ហាដ៏ធំមួយ និងជាការតែងតាំងជាប្រវត្តិសាស្រ្តមួយផងដែរ ដែលស្ត្រីជនជាតិដើមអាមេរិក មានចក្ខុវិស័យទទួលបន្ទុកលើទឹកដីសហព័ន្ធ ដែលជាការរីកចម្រើនមិនធម្មតាមួយ ព្រមទាំងជាអ្នកជោគជ័យលើគោលនយោបាយ Green New Deal ដែលពិតជាមានបទពិសោធន៍មែន»។
ការតែងតាំងលោកស្រី Haaland មានអាយុ ៦០ឆ្នាំ បានបង្ហាញពីការផ្លាស់ប្តូររបៀប ដែលក្រសួងមហាផ្ទៃនឹងដំណើរការក្រោមរដ្ឋបាលលោក បៃដិន ដោយផ្តោតមិនត្រឹមតែទៅលើ គោលនយោបាយបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ដោតទៅលើរបៀបដែលសហគមន៍អាមេរិកជាប់ទាក់ទងនឹងការការពារទឹកដីសហព័ន្ធផងដែរ។
ប៉ុន្តែ គណបក្សសាធារណរដ្ឋនៃរដ្ឋ New Mexico បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វាពិតពិបាកក្នុងការមើលឃើញចំណុចដ៏ភ្លឺស្វាងសម្រាប់រដ្ឋរបស់យើង ដោយសារតែជំហរថាមពលរបស់លោកស្រី Haaland ។ ការតែងតាំងរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន បានបញ្ជាក់ថា គាត់គ្រោងនឹងបំបែកឧស្សាហកម្មប្រេង និងឧស្ម័នសំខាន់របស់យើងជាប្រព័ន្ធ»។
គួរបញ្ជាក់ថា សហគមន៍ជនជាតិដើមអាមេរិក មានប្រវត្តិជាប្រវត្តិសាស្ត្រមិនត្រឹមតែនៅក្នុងការតស៊ូ ដើម្បីតំណាងនៅក្នុងគោលនយោបាយរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំពីរបៀបដែលគោលនយោបាយបរិស្ថាន បានជះឥទ្ធិពលដល់សហគមន៍របស់ពួកគេផងដែរ៕