Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វ៉ាក់សាំងកូវីដ-១៩នៃក្រុមហ៊ុន Moderna ទទួលការគាំទ្រពេញទំហឹង ពីក្រុមពិគ្រោះយោបល់ជូន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក FDA (Video inside)

18-12-2020 09:54

(វ៉ាស៊ីនតោន)៖ គណៈកម្មាធិការប្រឹក្សាយោបល់ពីខាងក្រៅ ឲ្យរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានសម្តែងការគាំទ្រយ៉ាងខ្លាំងក្លា ចំពោះការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna នៅក្នុងករណីបន្ទាន់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

គណៈកម្មាធិការខាងលើនេះ បានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២០សំឡេង និងគ្មានសំឡេងប្រឆាំងឡើយ ខណៈមួយសំឡេងទៀតធ្វើអនុបវាទ។ ក្រុមប្រឹក្សាបានកត់សម្គាល់ថា ប្រយោជន៍នៃវ៉ាក់សាំងនេះ គឺមានច្រើនជាងហានិភ័យ ចំពោះមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ ក្រុមប្រឹក្សាយោបល់ក្រៅប្រព័ន្ធមួយនេះ ក៏ធ្លាប់ធ្វើការគាំទ្រ ដល់បេក្ខភាពវ៉ាក់សាំង Pfizer និង BioNTech យ៉ាងខ្លាំងផងដែរ រហូតដល់អាជ្ញាធរ FDA ព្រមអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ ជាផ្លូវការនៅក្នុងករណីបន្ទាន់។

FDA ត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឲ្យមានការប្រើប្រាស់ វ៉ាក់សាំងរបស់ Moderna ក្នុងករណីបន្ទាន់ យ៉ាងហោចណាស់នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយបានផ្តល់នូវក្តីសង្ឃឹមមួយបន្ថែមទៀត សម្រាប់សហរដ្ឋអាមេរិក បន្ទាប់ពីមនុស្សច្រើនជាង ៣០ម៉ឺននាក់រួចទៅហើយបានបាត់បង់ជីវិត ដោយសារជំងឺ COVID-19 ស្របពេលដែលចំនួនអ្នកជំងឺ COVID-19 បាននឹងកំពុងគំរាមកំហែងដល់មន្ទីរពេទ្យ និងបុគ្គលិកសុខាភិបាល នៅទូទាំងសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា មិនដូចវ៉ាក់សាំង Pfizer ដែលបង្កភាពស្មុគស្មាញចំពោះការចែកចាយ ដោយសារតែតម្រូវឲ្យរក្សាទុកនៅសីតុណ្ហភាព -៧០ អង្សាសេនោះទេ ងាកមកវ៉ាក់សាំង Moderna វិញ គឺមិនតម្រូវឲ្យមានទូរទឹកកកពិសេស ឬក៏ទឹកកកស្ងួតក្នុងបរិមាណច្រើននោះឡើយ។ មូលហេតុនេះហើយទើបធ្វើឲ្យវា កាន់តែផ្តល់ភាពងាយស្រួលក្នុងការផ្គត់ផ្គង់ នៅតាមទីជនបទ និងតំបន់ដាច់ស្រយាល៕