(ប៊ែកឡាំង)៖ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បាននិយាយថា ប្រជាជននៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប អាចនឹងចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំង COVID-19 ក្នុងរយៈពេល ១០ថ្ងៃទៀតនេះ ខណៈដែលប្លុកមួយនេះ កំពុងព្យាយាមដេញតាមចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកខ្លះបានរិះគន់ថា ដំណើរការនៃការអនុម័តវ៉ាក់សាំងរបស់អឺរ៉ុប គឺមានការយឺតយ៉ាងខ្លាំង។ នេះបើយោងតាមការចេញផ្សាតដោយ សារព័ត៌មាន CNA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
ការលើកឡើងដូច្នេះ ពីសំណាក់រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ខាងលើ ធ្វើឡើងនៅមុនពេលកិច្ចប្រជុំតាមប្រព័ន្ធ Online ជាមួយអធិការបតី Angela Merkel និងនាយកប្រតិបត្តិពីក្រុមហ៊ុនផលិតវ៉ាក់សាំង BioNTech នៅថ្ងៃព្រហស្បតិ៍នេះ។ នាឱកាសនោះ លោក Jens Spahn បានលើកឡើងយ៉ាងដូច្នេះថា «នៅប្រទេសអាល្លឺម៉ង់ នឹងចាប់ផ្តើមចាក់វ៉ាក់សាំង នៅថ្ងៃទី ២៧ ខែធ្នូខាងមុខនេះ ប្រសិនបើមានការយល់ព្រម តាមការគ្រោងទុក ខណៈដែលបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត ក៏ចង់ចាប់ផ្តើម នៅថ្ងៃទី២៧ ខែធ្នូនេះដែរ»។
គួរបញ្ជាក់ថា ក្នុងនាមជាសមាជិកសហភាពអឺរ៉ុប អាល្លឺម៉ង់ត្រូវមានកាតព្វកិច្ចរង់ចាំទីភ្នាក់ងារឱសថអឺរ៉ុប ដែលហៅកាត់ថា EMA អនុម័តជាមុនសិន ដើម្បីអាចឲ្យប្រជាជនខ្លួនទទួលចាក់វ៉ាក់សាំងបាន ខណៈដែលគេរំពឹងថា EMA នឹងធ្វើការប្រកាសនៅថ្ងៃទី ២១ ខែធ្នូ នៅប៉ុន្មានថ្ងៃទៀតនេះ។ មន្ត្រីជាន់ខ្ពស់សហភាពអ៊ឺរ៉ុបម្នាក់ បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា ប្លុកនេះអាចនឹងផ្តល់ការយល់ព្រមចុងក្រោយរបស់ខ្លួនសម្រាប់វ៉ាក់សាំង ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន Pfizer/BioNTech នៅថ្ងៃទី ២៣ ខែធ្នូ៕