(ហាណូយ)៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ឲ្យដឹងថា វ៉ាក់សាំង COVID-19 ដែលមានឈ្មោះសម្គាល់ថា Nanocovax ជាវ៉ាក់សាំងដំបូងបង្អស់របស់ប្រទេសវៀតណាម ត្រូវបានអនុម័តឲ្យធ្វើតេស្តសាកល្បងទៅលើមនុស្សហើយ ដោយមានអ្នកស្ម័គ្រចិត្ត 0៣នាក់បានចូលរួម ក្នុងការតេស្តសាកល្បងនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
បេក្ខភាពវ៉ាក់សាំង COVID-19 មានឈ្មោះសម្គាល់ថា Nanocovax ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Nanogen គឺជាបេក្ខភាពវ៉ាក់សាំងដំបូងគេបង្អស់របស់ប្រទេសវៀតណាម ដែលឈានដល់ដំណាក់កាលធ្វើតេស្តសាកល្បងទៅលើមនុស្ស។
មន្ត្រីសុខាភិបាលវៀតណាម បាននិយាយថា វ៉ាក់សាំង Nanocovax គ្រោងនឹងធ្វើតេស្តសាកល្បងលើអ្នកស្ម័គ្រចិត្តចំនួន ៦០នាក់ ដែលមានអាយុចន្លោះពី ១៨ ទៅ ៥០ឆ្នាំ នៅក្នុងដំណាក់កាលដំបូងនៃការធ្វើតេស្តសាកល្បងទៅលើមនុស្សនេះ។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម ក៏បានឲ្យដឹងទៀតថា ប្រសិនបើការធ្វើតេស្តសាកល្បង បង្ហាញលទ្ធផលល្អ ក្រុមហ៊ុនផលិតឱសថ គ្រោងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំង Nanocovax នេះ ក្នុងចំណោមសាធារណជននៅខែឧសភា ឆ្នាំ ២០២១ខាងមុខ។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះប្រទេសវៀតណាម បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,៤០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,២៥២នាក់៕