(ប៉ារីស)៖ ប្រធានាធិបតីបារាំងវ័យ ៤២ឆ្នាំ លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង ត្រូវបានវិមានអេលីហ្សេ (Elysee) ប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា បានឆ្លងជំងឺ COVID-19 ហើយ ដោយពេលនេះលោកកំពុងស្នាក់នៅ ដាច់ដោយឡែកពីគេឯង ដើម្បីទទួលការព្យាបាលរយៈពេល ០៧ថ្ងៃ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយសារព័ត៌មាន Bloomberg នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
សេចក្តីថ្លែងការណ៍ពីវិមានរដ្ឋាភិបាលបារាំងខាងលើនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «លោកប្រធានាធិបតីរបស់យើង បានទទួលការធ្វើតេស្ត និងចេញលទ្ធផលវិជ្ជមានចំពោះជំងឺ COVID-19 នៅថ្ងៃនេះតែម្តង»។ រដ្ឋាភិបាលបារាំងបានឲ្យដឹងទៀត លោក ម៉ាក្រុង បានទទួលការធ្វើតេស្តរក COVID-19 ក្រោយពេលលោកចេញអការៈសង្ស័យដំបូងៗ ពាក់ព័ន្ធជំងឺរាតត្បាតសកលនេះ។
យោងតាមការអនុវត្តវិធានការផ្នែកសុខាភិបាល លោក ម៉ាក្រុង ត្រូវបានតម្រូវឲ្យស្នាក់នៅដាច់ដោយឡែករយៈពេល ០៧ថ្ងៃ ដើម្បីទទួលការព្យាបាល ប៉ុន្តែលោកប្រធានាធិបតីរូបនេះ នៅតែអាចបំពេញការងារបានពីចម្ងាយ។ មកទល់ពេលនេះ នៅមិនទាន់មានព័ត៌មានបញ្ជាក់ថា តើភរិយារបស់លោក ម៉ាក្រុង បានទទួលការធ្វើតេស្តដែរ ឬមួយក៏យ៉ាងណានោះឡើយ។
គួរបញ្ជាក់ថា ប្រទេសបារាំងដែលមានប្រជាជនសរុប ៦៧លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានករណីឆ្លងជំងឺ COVID-19 សរុបជាង ២,៤០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ៦០,០០០នាក់ និងចំនួនអ្នកជាសះស្បើយវិញ មិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ឡើយ៕