(ឡូស អាន់ជែឡេស)៖ រដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លង COVID-19 ថ្មីៗ ចំនួន ៥៣,៧១១ករណី បន្ថែមទៀត និងអ្នកស្លាប់ថ្មីៗចំនួន ២៩៣នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋកាលីហ្វ័រញ៉ា ជារដ្ឋដែលមានប្រជាជនរស់នៅប្រមាណ ៤០លាននាក់ ច្រើនជាងគេបំផុតប្រចាំសហរដ្ឋអាមេរិកនោះ ក៏ជារដ្ឋដែលមានករណីឆ្លង COVID-19 ច្រើនជាងគេ ផងដែរ រហូតដល់ទៅ ១,៦៧១,០៨១ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៤៨១នាក់ ខណៈមនុស្សជាង ២៨លាននាក់ហើយ ត្រូវបានធ្វើតេស្តនៅក្នុងរដ្ឋភាគនិរតី អាមេរិកមួយនេះ។
គួរបញ្ជាក់ថា បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ នៅសហរដ្ឋអាមេរិក មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ១៧.៣លានករណី ក្នុងនោះមានអ្នកស្លាប់ច្រើនជាង ៣១៤,000នាក់ និងជាសះស្បើយ ១០.១លាននាក់៕