(ស៊ីដនី)៖ ក្រុមអ្នកធ្វើការងារផ្នែកសិទ្ធិមនុស្ស នៅក្នុងរដ្ឋវិចតូរៀ (Victoria) បាននិយាយថា ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងរដ្ឋមួយនេះ ដោយបង្ខាំងមនុស្សច្រើនជាង ៣,០០០នាក់ នៅក្រោមវិធានការបិទទ្វារ (Lockdown) ទប់ស្កាត់រលកទី ២ នៃ COVID-19 នៅក្នុងអគារស្នាក់នៅមួយចំនួន គឺមិនបានធ្វើឡើងស្របទៅតាម បទដ្ឋានសុខាភិបាលនោះទេ និងជាការបំពានលើសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
Victoria ដែលជារដ្ឋមានប្រជាជនរស់នៅ ច្រើនជាងគេលំដាប់ទី ២ នៅក្នុងប្រទេសអូស្ត្រាលី បានអនុវត្តវិធានការ Lockdown លើអគារអាផាតមិនចំនួន ០៩ អស់រយៈពេលជាច្រើនថ្ងៃ កាលពីខែកក្កដាកន្លងទៅ ដោយសារតែព្រួយបារម្ភពីការកើនឡើង នៃករណីឆ្លង COVID-19។
បើតាមក្រុមសកម្មជនសិទ្ធិមនុស្ស នៅក្នុងរដ្ឋ Victoria ការសម្រេចចិត្តអនុវត្តវិធានការបែបនេះ គឺធ្វើឡើងដោយតក់ក្រហលពេក ពោលគឺអាជ្ញាធរបានប្រើពេលតែ ១៥នាទីប៉ុណ្ណោះដើម្បីសម្រេចចិត្ត និងអនុម័ត ហើយដែលនេះបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស ដោយមានអ្នកខ្លះគ្មានអាហារ និងថ្នាំពេទ្យគ្រប់គ្រាន់ ខណៈខ្លះទៀតត្រូវរង់ចាំជាច្រើនថ្ងៃ ទើបអាចចេញមកក្រៅវិញបាន។
គួរបញ្ជាក់ថា អាជ្ញាធរក្នុងរដ្ឋ Victoria ក៏បានទទួលស្គាល់កំហុសរបស់ខ្លួនដែរ។ ប៉ុន្តែពួកគេបានអះអាងថា ការសម្រេចចិត្តភ្លាមៗ គឺធ្វើឡើងដើម្បីធានាសុវត្ថិភាពប្រជាជនតែប៉ុណ្ណោះ។ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ រដ្ឋ Victoria មិនមានករណីឆ្លងថ្មីនៃ COVID-19 ត្រូវរាយការណ៍អស់រយៈពេលជាង ៤៨ថ្ងៃជាប់ៗគ្នាមកហើយ៕