(ម៉ានីល)៖ ការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិចនៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពេលចាក់វ៉ាក់សាំង COVID-19 ដោយបានបន្ថែមថា វ៉ាក់សាំងនេះមិនមែនជា «ដំណោះស្រាយ» ដែលនឹងអាចបញ្ចប់ជំងឺឆ្លងរាតត្បាតសកល (COVID-19) ដែលឆ្លងរីករាលដាលនៅទូទាំងពិភពលោក អស់រយៈពេលនៅជិតមួយឆ្នាំ និងបានសម្លាប់មនុស្សលើស ១.៦លាននាក់នោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
អគ្គនាយកសាខាអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកបណ្ឌិត តាក់កឺស៊ី កាសៃ (Takeshi Kasai) បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា «មិនថាអ្នកជាអ្នកណា ឬអ្នករស់នៅទីណាទេ ដរាបណាជំងឺនេះកំពុងតែឆ្លង និងរីករាលដាលនៅកន្លែងណាមួយ នោះយើងទាំងអស់គ្នា នៅតែស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់... ហើយយើងត្រូវតែបន្តត្រៀមខ្លួន សម្រាប់សេណារីយ៉ូដែលអាក្រក់បំផុត»។
ជុំវិញបញ្ហានេះ លោកបណ្ឌិត Takeshi Kasai បានអំពាវនាវដល់មនុស្សវ័យក្មេង និងមនុស្សសកម្មក្នុងសង្គម ដែលមានអាយុក្រោម ៤០ឆ្នាំ ឲ្យធ្វើអ្វីគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីការពារខ្លួន ក៏ដូចជាការពារមនុស្សជុំវិញខ្លួន ពីការឆ្លងជំងឺ COVID-19 នេះ»។
លោកបណ្ឌិត Takeshi Kasai បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ដោយធ្វើតាមដំបូន្មានរបស់អាជ្ញាធរសុខាភិបាល អ្នកអាចចូលរួមដោយផ្ទាល់ ក្នុងការការពារជីវិតរបស់ប្រជាជន នៅក្នុងសហគមន៍របស់អ្នក និងក្នុងការធ្វើដូច្នេះ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់អ្នក មានភាពរស់រវើកឡើងវិញនៅឆ្នាំ២០២១ ខាងមុខនេះផងដែរ។ ខ្ញុំសូមឲ្យអ្នកគិតអំពីអ្នកដទៃទៀត ដែលអាចមានហានិភ័យខ្ពស់ នៃការឆ្លងជំងឺ COVID-19 នេះ។ ប្រសិនបើអ្នកឆ្លងជំងឺនេះ អ្នកអាចចម្លងវាទៅឪពុកម្តាយ ជីដូនជីតា អ្នកជិតខាង ឬមិត្តភក្តិរបស់អ្នកដោយមិនដឹងខ្លួន»។
គួរបញ្ជាក់ថា បើតាមអគ្គនាយកសាខា WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកបណ្ឌិត Takeshi Kasai វ៉ាក់សាំង COVID-19 តែមួយមុខ មិនមែនដំណោះស្រាយ ដែលអាចនឹងបញ្ចប់ការឆ្លង និងរីករាលដាលនៃជំងឺ COVID-19 នាពេលអនាគតបាននោះទេ។ ការលើកឡើងរបស់លោក Kasai ក៏មិនខុសពីក្រុមជំនាញសុខាភិបាលអន្តរជាតិ មួយចំនួនទៀតដែរ ដោយពួកគេបានណែនាំឲ្យមនុស្សគ្រប់គ្នា នៅតែបន្តការការពារខ្លួន ដូចជារក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស និងអនុវត្តវិធានការសុវត្ថិភាពផ្សេងៗទៀត នោះទើបគ្រប់គ្នាអាចមានសង្ឃឹម ក្នុងការលុបបំបាត់ COVID-19 នៅក្រោយពេលវ៉ាក់សាំងត្រូវបាន ដាក់ឲ្យប្រើប្រាស់កាន់តែទូលំទូលាយ៕