(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ចិនបានស្វាគមន៍ចំពោះក្រុមអ្នកជំនាញអន្តរជាតិ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសនេះ នៅខែមករា ឆ្នាំ២០២១ខាងមុខ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា ដែលបង្កទៅជាជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
លោក បាបាឈូន អូឡូវ៉ូខួរ (Babatunde Olowokure) ជានាយកកម្មវិធីសង្រ្គោះបន្ទាន់ថ្នាក់តំបន់ នៃអង្គការ WHO ប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ និងបន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមអ្នកជំនាញអន្តរជាតិខាងលើ ដែលមានសមាជិកពី ១២-១៥នាក់ បានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងវូហាន ដើម្បីស៊ើបអង្កេត និងត្រួតពិនិត្យភស្ដុតាង ក្នុងនោះរួមមានសំណាកមនុស្ស និងសត្វ ដែលត្រូវបានប្រមូលដោយក្រុមអ្នកវិទ្យាសាស្ត្រចិន សំដៅចាប់ផ្ដើមការសិក្សាបឋមមួយរបស់ពួកគេ។
លោក Olowokure បន្ថែមទៀតថាអង្គការ WHO កំពុងចរចាជាមួយអាជ្ញាធរចិន ពីកន្លែងដែលក្រុមអ្នកជំនាញទាំងនេះត្រូវចុះទៅដល់ ហើយចិនក៏បានស្វាគមន៍ ក្រុមអ្នកជំនាញអន្តរជាតិ ដែលគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្ដាហ៍ទី ២ នៃខែមករា ឆ្នាំ២០២១ខាងមុខនេះ ដើម្បីស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូរ៉ូណា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់របស់លោកជាច្រើននាក់ទៀត បានចោទថា ចិនជាអ្នកបង្កើត និងបានបិទបាំងពីការឆ្លងរាតត្បាត COVID-19 តាំងតែពីដំបូងៗម៉េះ។ ជាការឆ្លើយតប ចិន និងអ្នកវិទ្យាសាស្ត្រអន្តរជាតិជាច្រើន ក្នុងនោះរួមទាំង WHO ផងដែរសុទ្ធតែបានអះអាងថា ជំងឺដ៏កាចសាហាវមួយនេះ មិនមែនមនុស្សជាអ្នកបង្កើតនោះទេ ដោយវាឆ្លងចេញពីសត្វប្រចៀវ។ ចិនក៏ធ្លាប់បានប្រកាសស្វាគមន៍ WHO ចូលមកធ្វើការស៊ើបអង្កេត រកប្រភពដើមរបស់ COVID-19 ផងដែរ៕