(អាមេរិក)៖ បុគ្គលិកសុខាភិបាលម្នាក់នៅក្នុងរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍មានអាការៈប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ បន្ទាប់ពីបានទទួលការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer។ នេះបើតាមការដកស្រង់ផ្សាយ ចេញពីកាសែត New York Times នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
កាសែត New York Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ឱ្យដឹងទៀតថា បុគ្គលិកសុខាភិបាលខាងលើ មានអាការៈប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរ កាលពីថ្ងៃអង្គារកន្លងទៅ ហើយបច្ចុប្បន្នរូបគេបានវិលទៅរក ស្ថានភាពនឹងនរវិញហើយ ខណៈកំពុងបន្តសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ មកទល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា តើបុគ្គលិកសុខភិបាលរូបនេះ ធ្លាប់មានប្រវត្តិអាលែកហ្ស៊ី ឬក៏យ៉ាងណានោះទេ រីឯក្រុមហ៊ុន Pfizer ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។
គួរបញ្ជាក់ថា ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) បានផ្ដល់យោបល់ឱ្យអ្នកដែលមានប្រវតិ្ត ឬបញ្ហាអាលែកហ្ស៊ី ត្រូវទៅពិគ្រោះយោបល់ជាមួយអ្នកជំនាញ ឬគ្រូពេទ្យជាមុនសិន ដើម្បីយល់ដឹងឱ្យប្រាកដថា ពួកគេគ្មានបញ្ហាប្រតិកម្មអាលែកហ្ស៊ី ទៅនឹងសារធាតុណាមួយ នៃវ៉ាក់សាំងនោះទេ។
ដោយឡែកកាលពីដើមខែធ្នូនេះ អាជ្ញាធរនិយ័តករអង់គ្លេស ក៏ធ្លាប់ផ្ដល់យោបល់ឱ្យអ្នកដែលមានប្រវតិ្ត ឬបញ្ហាអាលែកហ្ស៊ី កុំទាន់អាលចាក់វ៉ាក់សាំង COVID-19 អភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនអាមេរិក Pfizer និងក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ផងដែរ រហូតដល់បញ្ហានេះត្រូវបានដោះស្រាយ បន្ទាប់ពីមនុស្សពីរនាក់មានប្រតិកម្មអាលែកហ្ស៊ី ក្រោយទទួលការចាក់វ៉ាក់សាំងដូចខាងលើនេះ៕