(ប៉ារីស)៖ នាយរដ្ឋមន្រ្តីបារាំង លោក ហ្សង់ កាស្តិច (Jean Castex) នៅថ្ងៃពុធសប្ដាហ៍នេះបាននិយាយថា ប្រទេសបារាំងអាចចាប់ផ្តើមយុទ្ធនាការ ចាក់វ៉ាក់សាំង COVID-19 ដែលត្រូវបានអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech នៅសប្តាហ៍ចុងក្រោយនៃខែធ្នូនេះបាន ប្រសិនបើអាជ្ញាធរសហភាពអឺរ៉ុប អនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ នៅសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
លោក Jean Castex ធ្លាប់បានគូសបញ្ជាក់ប្រាប់សភាបារាំងថា យុទ្ធនាការចាក់វ៉ាក់សាំង COVID-19 នៅប្រទេសអឺរ៉ុបមួយនេះ នឹងចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយក្រុមមនុស្សចាស់ជរា និងក្រុមមនុស្សងាយរងគ្រោះដទៃទៀត នឹងទទួលបានការចាក់វ៉ាក់សាំងនេះមុនគេ។
ប្រទេសបារាំង ដែលដូចបណ្តាប្រទេសអឺរ៉ុបជាច្រើនទៀត កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាល នៃជំងឺឆ្លងរាតត្បាតសកល (COVID-19) ដោយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានបញ្ជាទិញនូវវ៉ាក់សាំង COVID-19 ចំនួន ២០០លានដូសរួចទៅហើយ។
ប្រទេសបារាំងក៏សង្ឃឹមដែរថា នឹងចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ដល់ប្រជាជនរបស់ខ្លួនប្រមាណ ១លាននាក់នៅតាមមជ្ឈមណ្ឌលថែទាំ ក្នុងអំឡុងខែមករា និងកុម្ភៈ បន្ទាប់មកប្រជាជនប្រមាណ ១៤-១៥លាននាក់ទៀត នៅចន្លោះខែមីនា និងមិថុនា ឆ្នាំ២០២១ខាងមុខនេះ។
មន្រ្តីជាន់ខ្ពស់នៃគណៈកម្មការអឺរ៉ុបមួយរូប បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហភាពអឺរ៉ុប អាចនឹងសម្រេចចិត្តចុងក្រោយ លើការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech នេះឲ្យបានលឿនបំផុត តាមដែលអាចធ្វើទៅបាន នៅត្រឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។
គួរបញ្ជាក់ថា ប្រទេសបារាំងដែលមានប្រជាជនសរុប ៦៧លាននាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មានករណីឆ្លងជំងឺ COVID-19 សរុបជាង ២,៤០០,០០០ករណី ក្នុងនោះមានអ្នកស្លាប់សរុបជិត ៦០,០០០នាក់ និងចំនួនអ្នកជាសះស្បើយវិញ មិនទាន់មានការបញ្ជាក់ឲ្យច្បាស់លាស់ឡើយ៕