(ស៊ីដនី)៖ អាជ្ញាធរអូស្រ្តាលី នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញឲ្យប្រជាជនរបស់ខ្លួនធ្វើតេស្តរក COVID-19 ប្រសិនបើពួកគេមានរោគសញ្ញា ដូចជាផ្ដាសាយ ដើម្បីតាមដានរក ប្រភពនៃករណីឆ្លងថ្មី បន្ទាប់ពីមានករណីឆ្លងជាចង្កោមទ្រង់ទ្រាយតូចមួយ ត្រូវបានគេរកឃើញក្នុងទីក្រុងស៊ីដនី ដែលជាទីក្រុងធំបំផុតនៃប្រទេសអូស្រ្តាលី។ នេះបើយោងតាម ការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
ករណីឆ្លង COVID-19 ថ្មីៗចំនួន០២ករណី ត្រូវបានគេរកឃើញនៅឆ្នេរសមុទ្រភាគខាងជើង នៃទីក្រុងស៊ីដនីមួយថ្ងៃ បន្ទាប់ពីទីក្រុងនេះ បានកត់ត្រានូវករណីឆ្លងថ្មីៗចំនួន ០៣ករណី បន្ទាប់ពីគ្មានករណីឆ្លងជិត ២សប្តាហ៍មកនេះ។
ប្រធានរដ្ឋបាល នៃរដ្ឋ New South Wales លោកស្រី ក្លេឌីស៍ ប៊ីរេជីកលីអេន (Gladys Berejiklian) បានគូសបញ្ជាក់ប្រាប់អ្នកសារពត៌មានយ៉ាងដូច្នេះថា៖ «យើងពិតជា ចង់លើកឡើងលើចំណុចនេះណាស់... យើងមិនចង់អោយបញ្ហានេះនាំឲ្យយើងព្រួយបារម្ភនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ មុនថ្ងៃបុណ្យណូអែលនោះទេ ហើយខ្ញុំគ្រាន់តែជំរុញឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ដូចមុនតែប៉ុណ្ណោះ»។
ប្រទេសអូស្រ្តាលី បានបើកព្រំដែនរបស់ខ្លួនយ៉ាងប្រុងប្រយ័ត្ន និងបានបន្ធូរបន្ថយវិធានគម្លាតសុវត្ថិភាព នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីគ្មានករណីឆ្លង COVID-19 ថ្មីៗណាមួយត្រូវបានគេរាយការណ៍នៅក្នុងស្ទើរតែគ្រប់រដ្ឋទាំងអស់។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេសជាង ២៨,០០០ករណី ក្នុងនោះមានអ្នកស្លាប់ជាង ៩០០នាក់ និងជាសះស្បើយជាង ២៥,៦០០នាក់៕