(វ៉ាស៊ីនតោន)៖ ករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ទូទាំងសហរដ្ឋអាមេរិក នៅតែបន្តស្ថិតក្នុងកម្រិតអាក្រក់បំផុតដដែល ដោយក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២៤៦,៩៩៦នាក់ទៀតបានឆ្លងជំងឺដ៏កាចសាហាវនេះ ខណៈអ្នកជំងឺ ៣,៤៨៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៧,៣៩២,៦១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១៤,៥៧៧នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,១៧០,៧៣៥នាក់។ ចំពោះមុខអាកាសធាតុចុះត្រជាក់ខ្លាំង និងបុណ្យណូអែល ខិតជិតមកដល់ ក្រុមអ្នកជំនាញបានរំពឹងទុកជាមុនថា អ្នកឆ្លង និងស្លាប់ដោយសារជំងឺរាតត្បាតសកល (COVID-19) នឹងបន្តកើនឡើងខ្លាំងបន្ថែមទៀត។
គួរបញ្ជាក់ថា រដ្ឋបាលឱសថ និងចំណីអាហារនៃសហរដ្ឋអាមេរិក (FDA) បានអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer/BioNTech នៅក្នុងករណីបន្ទាន់ នៅទូទាំងសហរដ្ឋអាមេរិក ហើយការចាក់វ៉ាក់សាំង ក៏កំពុងប្រព្រឹត្តទៅផងដែរ ដោយផ្តល់អាទិភាពដល់ បុគ្គលិកសុខាភិបាលជួរមុខ។ ចំណែកឯវ៉ាក់សាំងទី ២ របស់ក្រុមហ៊ុនអាមេរិក Moderna ក៏ត្រូវបានគេរំពឹងខ្ពស់ថា នឹងត្រូវរដ្ឋបាល FDA អនុម័តឲ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់ នៅសហរដ្ឋអាមេរិកក្នុងពេលឆាប់ៗនេះ៕