Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សហរដ្ឋអាមេរិកចោទវៀតណាម និងស្វីសថា កំពុងកេងចំណេញពីវិស័យពាណិជ្ជកម្ម តាមរយៈនយោបាយលើរូបិយប័ណ្ណ (Video inside)

17-12-2020 09:50

(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារអាមេរិក បានចោទប្រកាន់ប្រទេសស្វីស និងវៀតណាមថា បានលូកលាន់ និងអនុវត្តមិនត្រឹមត្រូវ លើគោលនយោបាយរូបិយប័ណ្ណរបស់ខ្លួន ដើម្បីកេងចំណេញពាណិជ្ជកម្ម លើការនាំចេញរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ ស្ដីពីអាត្រាប្ដូរប្រាក់បរទេសនៅពាក់កណ្ដាលឆ្នាំ ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ ក្រសួងរតនាគារអាមេរិក ក៏បានរកឃើញផងដែរថា ស្វីស និងវៀតណាមបានប្រើឥទ្ធិពល និងលូកលាន់ចូលក្នុងទីផ្សាររូបិយប័ណ្ណ ដែលធ្វើឱ្យប៉ះពាល់ដល់តុល្យភាព នៃការទូទាត់សាច់ប្រាក់ ហើយវៀតណាមវិញថែមទាំងបានកេងចំណេញ ផលប្រយោជន៍ពីការប្រកួតប្រជែងមិនស្មើភាព នៅក្នុងការពាណិជ្ជកម្មអន្តរជាតិទៀតផង។

ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្ទេចិន ម៉ានូជីន (Steven Mnuchin) បានចាត់ទុកថា ការចោទប្រកាន់ប្រទេសទាំងពីរ គឺជាការសម្រេចចិត្តមួយ ដើម្បីការពារកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងកាលានុវត្តភាព សម្រាប់ប្រជាជន និងក្រុមហ៊ុននានានៅសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា បើតាមក្រសួងរតនាគារអាមេរិក ចិនក៏នៅតែបន្តស្ថិតនៅក្នុងបញ្ជីឈ្មោះ នៃប្រទេសដែលត្រូវឃ្លាំមើលពីការអនុវត្តមិនត្រឹមត្រូវ នូវគោលនយោបាយរូបិយប័ណ្ណផងដែរ រួមជាមួយជប៉ុន កូរ៉េខាងត្បូង អាល្លឺម៉ង់ ឥណ្ឌា កោះតៃវ៉ាន់ និងថៃ៕