(ប៉េកាំង)៖ យានផ្ទុកគំរូតាងព្រះច័ន្ទរបស់បេសកកម្ម ឆាងអឺ-៥ (Chang'e 5) បានទម្លាក់ខ្លួនមកលើផែនដី ប្រកបដោយជោគជ័យហើយ នៅពេលទាបភ្លឺថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះតែម្តង ដោយវាត្រូវបានចាត់ទុកថា ជាការបង្កើនសមត្ថភាព ថ្មីមួយកម្រិតទៀតរបស់ចិន និងជាលើកដំបូងផងដែរ ក្នុងការបញ្ជូនយាន ទៅជីកយកគំរូតាង ជាដុំថ្មពីផ្ទៃព្រះចន្ទ រួចដឹកជញ្ជូនត្រឡប់មកកាន់ភពផែនដីវិញ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ ដកស្រង់ពីសេចក្តីថ្លែងការណ៍របស់ ទីភ្នាក់ងារអវកាសចិន CNSA។
ទីភ្នាក់ងារអវកាសចិន CNSA បានគូសបញ្ជាក់ទៀតថា យានផ្ទុកដុំថ្មពីព្រះច័ន្ទ ដែលត្រូវបានគេអះអាងថា មានទម្ងន់ពីរគីឡូក្រាមនោះ ត្រូវបានទម្លាក់ទៅលើទីវាលមួយនៃខេត្ត អ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia) នៃភាគខាងជើងប្រទេសចិន។ ប្រធាន CNSA លោក ចាង កេចៀន (Zhang Kejian) បានប្រកាសថា «បេសកកម្មទាំងមូល ទទួលបានជោគជ័យហើយ»។
គួរបញ្ជាក់ថា ចិនពេលនេះបានក្លាយជាមហាអំណាចអវកាសទី ៣ នៅក្នុងពិភពលោក ដែលអាចយកគំរូងតាងពីព្រះច័ន្ទ ត្រលប់មកកាន់ផែនដីវិញ បន្ទាប់ពីសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ដែលបានធ្វើរឿងនេះកាលពីទសវត្សរ៍ ១៩៦០ និង ១៩៧០។ សម្រាប់គំរូតាងពីព្រះច័ន្ទនេះដែរ នឹងអាចជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រចិន និងអន្តរជាតិ ស្វែងយល់បន្ថែមពីការកកើតនៃព្រះច័ន្ទ និងសកម្មភាពភ្នំភ្លើង ដែលធ្លាប់កើតមាននៅលើផ្ទៃព្រះច័ន្ទនោះ។
សម្រាប់ដុំថ្មពីរគីឡូក្រាម ដែលយាន Chang'e 5 បានជីកយកមកកាន់ផែនដីនោះ គឺបានមកពីតំបន់ អូសិនណឹស ប្រូសែលឡារឹម (Oceanus Procellarum) មានទីតាំងស្ថិតនៅផ្នែក near side របស់ព្រះច័ន្ទ ដែលបែរមករកផែនដីជានិច្ច និងស្ថិតនៅភាពឦសាននៃផ្ទៃព្រះច័ន្ទ បើយើងមើលពីលើផែនដីទៅ។
បើតាមលោក ប៉ី ចាវយុ (Pei Zhaoyu) អនុប្រធានគ្រប់គ្រង បេសកកម្មស្រាវជ្រាវឋានព្រះច័ន្ទ នៃទីភ្នាក់ងារអវកាសចិន CNSA ប្រទេសចិនរីករាយក្នុងការចែករំលែក គំរូតាងរបស់ព្រះច័ន្ទនេះ ទៅដល់ប្រទេសនានាដែលមានចំណាប់អារម្មណ៍ ចង់បានយកទៅធ្វើការពិសោធន៍ និងស្រាវជ្រាវផងដែរ៕