(វ៉ាស៊ីនតោន)៖ ប្រធានគណៈកម្មាការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប ត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ឬកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៅក្រោយ Brexit ហើយប៉ុន្មានថ្ងៃខាងមុខ គួរតែជាថ្ងៃដែលត្រូវធ្វើការសម្រេចចិត្តចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
ការលើកឡើងរបស់លោកស្រី von der Leyen ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន និងលោកស្រី បានយល់ព្រមអូសបន្លាយពេលនៃកិច្ចចរចាស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលដំបូងឡើយត្រូវផុតកំណត់កាលពីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។ ភាគីទាំងពីរ នៅតែមានការខ្វែងគំនិតគ្នាពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជាអភិបាលកិច្ច សិទ្ធិនេសាទ និងវិធានច្បាប់ពាណិជ្ជកម្ម។ តែទោះជាបែបនេះក្ដី លោកស្រី von der Leyen នៅតែមានសង្ឃឹមថាអង់គ្លេស និងសហភាពអឺរ៉ុប អាចនឹងឈានដល់ចំណុចរួមមួយ។
លោកស្រីប្រធានគណៈកម្មាការអឺរ៉ុបរូបនេះ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំមិនអាចប្រាប់អ្នកថាវានឹងមានកិច្ចព្រមព្រៀង ឬក៏អត់នោះទេ។ ប៉ុន្តែ ខ្ញុំអាចប្រាប់អ្នកបានថាវានៅតែមាន ផ្លូវទៅរកកិច្ចព្រមព្រៀងក្នុងពេលបច្ចុប្បន្ន ដោយគ្រាន់តែផ្លូវនេះអាចតូចចង្អៀតបន្តិចតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា បើសិនជាចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប មិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយនៅត្រឹមថ្ងៃទី៣១ ខែធ្នូនេះទេ នោះអង់គ្លេសនឹងលែងស្ថិតនៅក្រោមវិធាន ច្បាប់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ហើយវិធានច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក នឹងត្រូវអនុវត្តលើភាគីទាំង២នៅឆ្នាំ២០២១ ក្នុងនោះរួមមានទាំងពន្ធគយ, និងការត្រួតពិនិត្យទំនិញចេញចូល ឆ្លងកាត់តំបន់ច្រកសមុទ្រ English Channel៕