(តៃប៉ិ)៖ មន្ត្រីការពារជាតិកំពូលតៃវ៉ាន់មួយរូប បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិកបានចេញលិខិតអនុញ្ញាត ឱ្យនាំចេញនូវប្រព័ន្ធជះរលកសំឡេង ឬសូណាឌីជីថល (Digital Sonar System) ដែលមានសារៈសំខាន់សម្រាប់ គម្រោងផលិតនាវាមុជទឹករបស់កោះតៃវ៉ាន់ហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
អនុរដ្ឋមន្រ្តីការពារតៃវ៉ាន់ លោក ឆាង ឆេពីង (Chang Che-ping) បានលើកឡើងក្នុងអំឡុងពេលប្រជុំសភាថា ទីក្រុងតៃប៉ិត្រូវបានជូនដំណឹង ដោយទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារម្សិលមិញថា ការអនុញ្ញាតឱ្យនាំចេញនូវប្រព័ន្ធសូណាឌីជីថល ត្រូវបានផ្តល់ជូនកោះនេះហើយ។
ប្រព័ន្ធសូណាឌីជីថល (ប្រព័ន្ធកំណត់ទិសដៅនាវាមុជទឹក ដោយការជះរលកសំឡេង) និងប្រព័ន្ធប្រយុទ្ធដែលរួមបញ្ចូលគ្នា គឺជាសមាសធាតុសំខាន់ពីរយ៉ាង ដែលកោះតៃវ៉ាន់ត្រូវការបំផុត ដើម្បីយកមកផលិតនាវាមុជទឹកសេរ៊ីថ្មី ដែលជាផលិតផលក្នុងស្រុកយ៉ាងទំនើបរបស់ខ្លួន។ ប៉ុន្តែលោក Chang Che-ping មិនបានបញ្ជាក់លម្អិតអំពីស្ថានភាព នៃប្រព័ន្ធប្រយុទ្ធនោះទេ។
កោះតៃវ៉ាន់បានចាប់ផ្តើមដំណើរការផលិត នាវាមុជទឹកសេរ៊ីថ្មី ដែលជាផលិតផលក្នុងស្រុកដំបូង កាលពីខែវិច្ឆិកាកន្លងទៅនេះ ដើម្បីប្រឆាំងនឹងការកើនឡើង នៃឥទ្ធិពលរបស់ទីក្រុងប៉េកាំង។ បើតាមរដ្ឋាភិបាលកោះតៃវ៉ាន់បានឲ្យដឹងថា ខ្លួននឹងផលិតបាននាវាមុជទឹក ០១គ្រឿងក្នុងចំណោម ០៨គ្រឿងដែលគ្រោងផលិតនៅឆ្នាំ២០២៥។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើកោះតៃវ៉ាន់ ចាប់តាំងពីការជាប់ឆ្នោតរបស់ លោកស្រីប្រធានាធិបតី ត្សៃ អ៉ីងវិន (Tsai Ing-wen) កាលពីឆ្នាំ២០១៦មកម្ល៉េះ ដោយសារតែការបដិសេធរបស់លោកស្រី ក្នុងការទទួលស្គាល់ថា កោះតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ចិន ហើយលោកស្រីត្រូវបានគេជឿជាក់ ជាមេដឹកនាំដែលចង់បានឯករាជ្យ សម្រាប់កោះនេះថែមទៀតផង៕