(វ៉ាស៊ីនតោន)៖ កុមារចំនួន ១,៦៤០,០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក បានឆ្លង COVID-19 ឬស្មើនឹង ១២.២ភាគរយ នៃចំនួនអ្នកឆ្លងសរុបទូទាំងប្រទេស ចាប់តាំងពីការផ្ទុះឡើងដំបូង នៃការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមរបាយការណ៍ថ្មីមួយ ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
បើតាមរបាយការណ៍ថ្មី ចេញផ្សាយដោយសមាគមពេទ្យកុមារ និងបណ្ឌិតសភាគ្រូពេទ្យកុមារអាមេរិក (AAP) កុមារដែលបានឆ្លង COVID-19 សរុប ១៧៨,៨២៣នាក់ត្រូវបានរាយការណ៍ គិតពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែធ្នូកន្លងទៅនេះ ដែលជាតួលេខកុមារឆ្លងជំងឺនេះខ្ពស់បំផុត ចាប់តាំងពីការផ្ទុះឡើងដំបូង នៃការឆ្លងរាតត្បាត COVID-19។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា ករណីឆ្លងលើកុមារបានកើនឡើង ២៣ភាគរយ ក្នុងរយៈពេល ០២សប្ដាហ៍ រាប់ចាប់ពីថ្ងៃទី២៦ ខែវិច្ឆិកា ដល់ថ្ងៃទី១០ ខែធ្នូ ហើយគិតជាមធ្យមកុមារឆ្លង COVID-19 មាន ២,១៧៩នាក់ ក្នុងចំណោមកុមារ ១០០,០០០នាក់ និងអាត្រាស្លាប់អាចកើនឡើងខ្ពស់ដល់ ០.២១ភាគរយ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនហើយ ខណៈអត្រាឆ្លង និងស្លាប់ដោយសារ COVID-19 នៅតែមានកម្រិតខ្ពស់ដដែល។ បើតាមគេហទំព័រ worldometers មនុស្សសរុប ១៩៩,៨៧៥នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ២,៩៧៦នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ធ្វើឱ្យឆ្លងសរុបកើនដល់ ១៧,១៤៣,៧៧៩ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣១១,០៦៨នាក់ និងជាសះស្បើយឡើងសរុបចំនួន ១០,០០៧,៨៥៣នាក់៕