Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅទីបំផុតប្រធានាធិបតីប្រេស៊ីល ព្រមទទួលស្គាល់ជ័យជម្នះរបស់លោក ចូ បៃដិន (Video inside)

16-12-2020 14:55

(រីយ៉ូដឺ)៖ ក្រោយពីបានបង្ហាញការស្ទាក់ស្ទើរ អស់ប៉ុន្មានសប្តាហ៍មកនេះ នៅទីបំផុតប្រធានាធិបតីប្រេស៊ីល លោក ហ៊ែ្សរ បូលសូណារ៉ូ (Jair Bolsonaro) បានផ្ញើសារអបអរសាទរប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) ដែលទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោត ប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី០៣ ខែវិច្ឆិកា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសារបង្ហោះលើបណ្ដាញសង្គម Twitter ដែលសរសេរជាភាសាព័រទុយហ្កាល់ ប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaro បានលើកឡើងដូច្នេះថា «លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយរដ្ឋបាលថ្មី និងបន្តកសាងសម្ព័ន្ធមិត្ត ប្រេស៊ីល-សហរដ្ឋអាមេរិក បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាជនរបស់យើង»។ សារនេះក៏ត្រូវបានចេញផ្សាយ នៅលើគេហទំព័ររបស់ក្រសួងការបរទេសប្រេស៊ីលផងដែរ។

ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានឈ្នះសំឡេងប្រតិភូ ៣០៦ ដែលបញ្ជាក់ពីជ័យជម្នះរបស់លោកជាផ្លូវការ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក។ លោក បៃដិន នឹងចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ក្នុងនាមជាប្រធានាធិបតីទី ៤៦ នៃសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា កាលពីចុងខែវិច្ឆិកាកន្លងទីនេះ លោក Jair Bolonaro ដែលជាមេដឹកនាំម្នាក់មានទំនាក់ទំនងជិតស្និទ្ធ ជាមួយលោក ត្រាំ
បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅប្រេស៊ីលថា លោកនៅតែស្ទាក់ស្ទើរក្នុងការទទួលស្គាល់ ជ័យជម្នះរបស់លោក ចូ បៃដិន ខណៈមេដឹកនាំប្រទេសជាច្រើន ក្នុងនោះរួមមានសហភាពអឺរ៉ុប ចិន ក៏ដូចជាប្រមុខអង្គការសហប្រជាជាតិ (UN) បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក បៃដិន រួចទៅហើយ៕