(ឡូស អាន់ជែលឡែស)៖ រដ្ឋកាលីហ្វ័រញ៉ា បានចែកចាយថង់រុំសាកសពចំនួន ៥,០០០សម្រាប់ ដែលទើបតែទិញមកថ្មី និងទូរកង់តឺន័រក្លាសេប្រវែង១៦ម៉ែត្រ ៦០គ្រឿង ទៅកាន់ តំបន់នានា និងមន្ទីរពេទ្យជាច្រើន នៅក្នុងរដ្ឋមួយនេះ ខណៈអ្នកស្លាប់ដោយសារ COVID-19 នៅតែបន្តកើនឡើង។ នេះបើតាមអភិបាលរដ្ឋកាលីហ្វ័រញ៉ាដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសនិ្នសីទសារព័ត៌មានស្ដីពីស្ថានភាព COVID-19 នៅថ្ងៃអង្គារសប្ដាហ៍នេះ។ លោក Newsom បានបញ្ជាក់ថា ការចែកចាយ ឬការទិញថង់រុំសាកសពទាំងនេះ មិនមែនជាការបំភិតបំភ័យប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ានោះទេ ប៉ុន្តែគ្រាន់តែស្ថានភាពបច្ចុប្បន្នមិនអាច មើលស្រាលបានតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ពេញមួយថ្ងៃអង្គារសប្ដាហ៍នេះ រដ្ឋកាលីហ្វ័រញ៉ា បានរាយការណ៍ពីការរកឃើញ COVID-19 ៣២,៣២៦នាក់ និងអ្នកស្លាប់១៤២នាក់ ក្នុងរយៈ២៤ម៉ោងចុងក្រោយ ខណៈចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ នៅតែបន្តស្ថិតនៅក្នុងកម្រិតខ្ពស់ដដែល ស្របពេលអាជ្ញាធរអាមេរិកកំពុងចាប់ផ្ដើមចាក់វ៉ាក់សាំងជូន ប្រជាជនរបស់ខ្លួនហើយ៕