(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) កាលពីដើមសប្តាហ៍នេះបាននិយាយថា ពួក Hackers (ក្រុមវាយប្រហារប្រព័ន្ធអនឡាញ) របស់កូរ៉េខាងជើង កំពុងព្យាយាមជ្រៀតចូលទៅក្នុង បណ្ដាញទិន្នន័យរបស់សហរដ្ឋអាមេរិក ដើម្បីលួចយកព័ត៌មានសម្ងាត់ ហើយលោកថែមទាំងបានលើកឡើងទៀតថា ប្រទេសកូរ៉េខាងជើង និងចិនបានបង្កការគំរាមកំហែងដល់អាមេរិក ខ្លាំងជាងប្រទេសរុស្សីទៅទៀត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុព័ត៌មានអាមេរិក ប្រេតបាត (Breitbart News) យ៉ាងដូច្នេះថា «វាជាការប្រយុទ្ធប្រឆាំង ដែលកំពុងបន្តទៅមុខ ដើម្បីរក្សាបណ្ដាញទិន្នន័យរបស់យើង ឲ្យមានសុវត្ថិភាព»។
លោក Mike Pompeo បានគូសបញ្ជាក់បន្ថែមថា «សហរដ្ឋអាមេរិក កំពុងប្រឈមនឹងការគំរាមកំហែងស្រដៀងគ្នា ពីសំណាក់រុស្ស៊ី និងចិន។ ខ្ញុំមិនអាចនិយាយអ្វីផ្សេងក្រៅពីថា រុស្ស៊ីបានព្យាយាមខិតខំឥតឈប់ឈរ ក្នុងការជ្រៀតចូលទៅក្នុងបណ្ដាញទិន្នន័យរបស់សហរដ្ឋអាមេរិកនោះទេ... ហើយមិនត្រឹមតែការព្យាយាម ជ្រៀតចូលទៅក្នុងបណ្ដាញទិន្នន័យ របស់ភ្នាក់ងាររដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាជីវកម្មផ្សេងៗ នៅសហរដ្ឋអាមេរិកទៀតផង... ប្រទេសកូរ៉េខាងជើងវិញ ក៏ដូចគ្នាដែរ។ ប៉ុន្តែខ្ញុំមានទំនុកចិត្តខ្លាំងណាស់ថា រដ្ឋាភិបាលអាមេរិកនឹងរក្សា ព័ត៌មានសម្ងាត់របស់យើង ពីកណ្តាប់ដៃរបស់ជនអាក្រក់ទាំងនោះ»។
ទន្ទឹមនឹងនេះ ជំនួយការនៃអគ្គរដ្ឋអាជ្ញារងអាមេរិក លោក ចន ឌីមើស៍ (John Demers) ក៏បានកត់សម្គាល់ឃើញដែរថា ការព្យាយាមជ្រៀតចូលទៅក្នុងបណ្ដាញទិន្នន័យ ដោយប្រទេសកូរ៉េខាងជើង មានលក្ខណៈប្លែកពីប្រទេសដទៃទៀត ដូចជាប្រទេសចិន ឬរុស្ស៊ី។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនៅឆ្នាំ២០២០នេះ បានចេញការព្រមានជាច្រើន ប្រឆាំងនឹងសកម្មភាពរបស់ក្រុម Hacker កូរ៉េខាងជើង ដោយភាគច្រើនអាមេរិកបានចោទថា ពួកគេបានប៉ុនប៉ងលួចចូលបណ្ដាញទិន្នន័យរបស់ធនាគារ ដើម្បីលួចលុយចេញពី ATM នៅទូទាំងពិភពលោក។ ប្រទេសកូរ៉េខាងជើង ត្រូវបានអាមេរិកចោទប្រកាន់ថា មានពួក Hacker ដែលបានទទួលការបណ្តុះបណ្តាលជាង ៦,០០០នាក់ ដែលភាគច្រើនមានមូលដ្ឋាននៅប្រទេសផ្សេងៗទៀត រួមទាំងប្រទេសចិន និងរុស្ស៊ីផងដែរ។
ជារឿងធម្មតាទៅហើយ ទាំងចិន និងរុស្ស៊ី ឬសូម្បីតែកូរ៉េខាងជើង តែងតែចេញមុខច្រានចោល នូវរាល់ការចោទប្រកាន់របស់សហរដ្ឋអាមេរិក។ ចិនធ្លាប់បានអះអាងតបវិញថា ការចោទប្រកាន់នានាមកលើខ្លួន ពាក់ព័ន្ធការព្យាយាមលួចស៊ើបការណ៍សម្ងាត់នោះ គឺត្រឹមតែជាឆាកល្ខោន ដើម្បីកេងចំណេញនយោបាយ របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕