(ញូយ៉ក)៖ លោកស្រី ម៉ាកខិនហ្ស៊ី ស្កុត (MacKenzie Scott) បានប្រកាសបរិច្ចាគប្រាក់ជិត ៤.២ពាន់លានដុល្លារ ដល់អង្គការចំនួន ៣៨៤ នៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃ ការសន្យាបរិច្ចាគទ្រព្យសម្បតិ្តមួយភាគធំរបស់លោកស្រី ក្រោយលែងលះជាមួយស្វាមីដែលជាម្ចាស់ក្រុមហ៊ុន Amazon និងជាកំពូលមហាសេដ្ឋីលេខ ១ នៅសហរដ្ឋអាមេរិក គឺលោក ចេហ្វេ បេហ្សូស (Jeff Bezos)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
ការប្រកាសខាងលើរបស់លោកស្រី MacKenzie កើតមានឡើងតែជាងបួនខែប៉ុណ្ណោះ បន្ទាប់ពីលោកស្រី បានបរិច្ចាគប្រាក់ ១.៧ពាន់លានដុល្លារដល់អង្គការចំនួន ១១៦ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងការអប់រំជាដើម។ លោកស្រី MacKenzie បានឱ្យដឹងថា ក្រុមការងាររបស់លោកស្រី បានត្រួតពិនិត្យ និងវាយតម្លៃលើអង្គការច្រើនជាង ៦,៩៤០ ដើម្បីកំណត់ថា តើអង្គការណាមួយដែលអាចទទួលបាន ថវិកាបរិច្ចាគពីមូលនិធិរបស់លោកស្រី។
គួរបញ្ជាក់ថា លោកស្រី MacKenzie Scott បច្ចុប្បន្ន គឺជាអ្នកមានជាងគេនៅលើពិភពលោក ក្នុងចំណាត់ថ្នាក់លេខ ១៨ ដោយមានទ្រព្យសរុប ៦០.៧ពាន់លានដុល្លារ ហើយទ្រព្យសម្បត្តិរបស់លោកស្រី កំពុងកើនឡើងជាលំដាប់ ខណៈភាគហ៊ុនក្នុងក្រុមហ៊ុន Amazon កំពុងហក់ឡើងខ្ពស់អំឡុងការឆ្លងរាតត្បាត COVID-19។ លោកស្រី MacKenzie ទទួលបានភាគហ៊ុននៅក្នុងក្រុមហ៊ុន Amazon មួយភាគបួនរបស់លោក Jeff Bezos បន្ទាប់ពីអ្នកទាំង ២ បានលែងលះគ្នាកាលពីឆ្នាំ២០១៩៕