(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានអនុញ្ញាតដាក់ឲ្យប្រើប្រាស់ហើយ នូវឧបករណ៍ធ្វើតេស្តប្រភេទថ្មី រកវីរុសកូរ៉ូណា (COVID-19) ដែលអាចរកបាននៅតាមហាងលក់ឱសថ (OTC) ហើយអាចផ្តល់លទ្ធផលបានយ៉ាងឆាប់រហ័ស គឺត្រឹមតែ ២០នាទីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។

ឧបករណ៍ធ្វើតេស្តនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន អ៊ែលលឹម (Ellume) ដែលមានមូលដ្ឋាននៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយដាក់លក់ក្នុងតម្លៃប្រហែល ៣០ដុល្លារអាមេរិក ហើយក្រុមហ៊ុនគ្រោងលក់ចេញចំនួន ៣លានគ្រឿងនៅត្រឹមខែមករា ឆ្នាំ២០២១ និងរាប់លានគ្រឿងទៀតនាប៉ុន្មានខែខាងមុខ។

លោក ស្ទេហ្វិន ហាន (Stephen Hahn) ប្រធានរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានកត់សម្គាល់ថា ការអនុញ្ញាតឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវឧបករណ៍ធ្វើតេស្តថ្មីនេះ គឺជាជំហានដ៏សំខាន់មួយ។ លោក Hahan បានបន្ថែមទៀតថា យើងកំពុងជួយពង្រីកលទ្ធភាពធ្វើតេស្ត កាត់បន្ថយបន្ទុកនៅតាមមន្ទីរពិសោធន៍ ហើយផ្តល់ជូននូវជម្រើសធ្វើតេស្តបន្ថែមទៀត ដែលមានផាសុកភាព និងសុវត្ថិភាព សម្រាប់ពលរដ្ឋអាមេរិកាំង នៅក្នុងគេហដ្ឋានរបស់ពួកគេដោយផ្ទាល់។

គួរបញ្ជាក់ថា ឧបករណ៍ធ្វើតេស្តនៅផ្ទះនេះ អាចភ្ជាប់ជាមួយកម្មវិធីនៅលើស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដើម្បីបកស្រាយលទ្ធផល។ ជាទូទៅដើម្បីទទួលបានលទ្ធផល គឺអ្នកធ្វើតេស្តត្រូវចំណាយពេលប្រហែលជា ២០នាទី ដែលនឹងត្រូវបង្ហាញតាមរយៈកម្មវិធី ដោយតម្រូវឲ្យអ្នកប្រើប្រាស់ វាយបញ្ចូលលេខកូដតំបន់ ក៏ដូចជាថ្ងៃខែឆ្នាំកំណើត និងដើម្បីរាយការណ៍ទៅកាន់ អាជ្ញាធរសុខភាពសាធារណៈ៕