(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងត្រៀមខ្លួនចាកចេញពីសេតវិមាន ប៉ុន្តែលោកត្រូវបានគេមើលឃើញថា នឹងមិនចាកចេញដោយស្ងាត់ៗ ដូចប្រធានាធិបតីមុនៗ របស់សហរដ្ឋអាមេរិកនោះទេ។
បន្ទាប់ពីបរាជ័យក្នុងការតតាំងតាមផ្លូវច្បាប់ ដើម្បីជំទាស់នឹងលទ្ធផលបោះឆ្នោតដែលបង្ហាញថា លោកបានចាញ់ក្រោមថ្វីដៃលោក ចូ បៃដិន និងក្រោយអង្គបោះឆ្នោតភាគច្រើនលើសលប់ បានបោះឆ្នោតគាំទ្រឱ្យលោក បៃដិន ធ្វើជាប្រធានាធិបតីអាមេរិកទី ៤៦ លោក ត្រាំ នឹងត្រូវវិលទៅរកជីវិតបែបឯកជនវិញ នៅពេលលោក បៃដិន ឡើងស្បថចូលកាន់តំណែង ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ នៅសេសសល់ឱកាសមួយចំនួននៅក្នុងដៃ។ ឱកាសទាំងនោះរួមមាន ការប្រកាសចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតប្រធានាធិបតីសាជាថ្មី នៅឆ្នាំ២០២៤, ការលេចមុខនៅលើកញ្ចក់ទូរទស្សន៍ ឬក៏ត្រឡប់ទៅដឹកនាំមុខជំនួញរបស់លោកជាដើម។
តែផ្ទុយពីប្រធានាធិបតីអាមេរិកមុនៗ ដែលដើរចេញពីសេតវិមានដោយស្ងប់ស្ងាត់ ដូចជាអតីតប្រធានាធិបតី លោក ចច ដាប៊ែលយូ ប៊ូស (George W Bush) បានត្រឡប់ទៅរកចំណង់ចំណូលចិត្តគូរគំនូរ និងលោក ជីមមី ខាថឺ (Jimmy Carter) ដែលបានងាកទៅធ្វើសកម្មភាពជាសកលនោះ អនាគតរបស់លោក ត្រាំ វិញគឺនឹងអាចរក្សា ឲ្យដូចជាពេលលោក នៅកាន់តំណែងជាប្រធានាធិបតី ដោយលោកនឹងនៅតែត្រូវធ្វើខ្លួន ឲ្យស្ថិតនៅក្រោមការតាមដាន ពីក្រសែភ្នែកប្រជាជនអាមេរិក ឬអាចនិយាយម្យ៉ាងទៀតបានថា លោក ដូណាល់ ត្រាំ នឹងប្រឈមមុខអនាគតមិនច្បាស់លាស់ ខណៈប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ត្រូវបានគេរំពឹងទុកថា «អាចនឹងប្រឈមមុខ ពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើន» ក្នុងនោះរួមមានទាំងការគេចពន្ធ, រឿងអាស្រូវផ្លូវភេទ និងបញ្ហាពាក់ព័ន្ធនឹងមុខជំនួញ នៃក្រុមគ្រួសាររបស់លោកជាដើម។
យ៉ាងណាក៏ដោយ អ្វីដែលគ្រប់គ្នាដឹងច្បាស់នោះគឺ ទោះបីផុតអាណត្តិជាប្រធានាធិបតី ក៏លោក ត្រាំ ត្រូវបានគេជឿជាក់ថា នឹងនៅតែមានឥទ្ធិពលខាងនយោបាយដដែល ដោយលោកបានបង្កើត គណៈកម្មាធិការសកម្មភាពនយោបាយមួយ ដែលនឹងអនុញ្ញាតឱ្យលោករៃអង្គាសប្រាក់ និងរក្សាឥទ្ធិពលនៅក្នុង គណបក្សសាធារណរដ្ឋ បន្ទាប់ពីលោកចាកចេញពីសេតវិមាន។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ដែលនៅតែរក្សាជំហរចោទប្រកាន់ ដោយគ្មានភស្ដុតាងថា ការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ត្រូវបានលួចបន្លំនោះ ធ្លាប់បានប្រាប់សម្ព័ន្ធមិត្តរបស់លោកថា លោកនឹងចូលរួមប្រកួតប្រជែងសាជាថ្មី ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤។ ប៉ុន្តែលោកមិនទាន់បានប្រកាស ពីការសម្រេចចិត្តនេះជាផ្លូវការឡើយ ហើយក៏មិនបានបញ្ជាក់ថា តើលោកនឹងចូលរួមក្នុង ពិធីស្បថចូលកាន់តំណែងរបស់លោក ចូ បៃដិន នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឬក៏យ៉ាងណានោះដែរ៕
ប្រភព៖ CNA (ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០)