(សេអ៊ូល)៖ ទីភ្នាក់ងារត្រួតពិនិត្យ និងបង្ការជំងឺកូរ៉េខាងត្បូង (KDCA) នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១,០៧៨ករណីបន្ថែមទៀត ដែលជាចំនួនករណីឆ្លងខ្ពស់បំផុត គិតចាប់តាំងពីមានការឆ្លងរាតត្បាត នៃជំងឺដ៏កាចសាហាវ នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
ចំនួនករណីឆ្លង COVID-19 ខ្ពស់បំផុតចុងក្រោយនេះ បានកើតមានឡើងបីថ្ងៃ បន្ទាប់ពីចំនួនករណីឆ្លងប្រចាំថ្ងៃ បានកើនឡើងដល់ជិត ១,០០០ករណីជាលើកដំបូង ចាប់តាំងពីប្រទេសកូរ៉េខាងត្បូង រកឃើញករណីឆ្លង COVID-19 ជាលើកដំបូង កាលពីខែមករាកន្លងទៅនេះ។
បើតាមគេហទំព័រ Worldometer រហូតមកទល់ពេលនេះ ប្រទេសកូរ៉េខាងត្បូងបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៤៤,៣៦៤ករណី ក្នុងនោះមានអ្នកស្លាប់ ៦០០នាក់ និងជាសះស្បើយ ៣២,៥៥៩នាក់។
គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាឲ្យបិទសាលារៀន និងសាលាមតេ្តយ្យទាំងអស់នៅទូទាំងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ ផ្លាស់ប្តូរទៅជាការរៀនតាមប្រព័ន្ធអនឡាញវិញ ចាប់ពីថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃវីរុសកូរ៉ូណា (COVID-19) កាន់តែខ្លាំងឡើង។
នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន (Chung Sye-kyun) បានគូសបញ្ជាក់ នៅក្នុងកិច្ចប្រជុំមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងថា ជំហាននេះគឺទាមទារឱ្យមានការពិនិត្យមើលឡើងវិញយ៉ាងម៉ត់ចត់ ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូង បានពង្រីកការរឹតបន្ដឹងបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 នេះ។
លោក Chung Sye-kyun បានបន្ថែមទៀតថា «រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងមិនស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ពង្រីកការរឹតបន្តឹងបន្ថែម ទៅលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ឡើងដល់ដំណាក់កាលទី ៣ឡើយ ប្រសិនបើវាជារឿងចាំបាច់ដែលត្រូវធ្វើ។ វិធានការរក្សាគម្លាតសុវត្ថិភាពសង្គម ដំណាក់កាលទី ៣នេះ មានតែអ្នកធ្វើការដែលចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាត ឲ្យចូលទៅក្នុងការិយាល័យ ឬចូលទៅក្នុងការជួបជុំ ដែលត្រូវបានកំណត់ឲ្យមានមនុស្សតិចជាង ១០នាក់»៕