(ទុយនីស)៖ អគ្គនាយកនៃវិទ្យាស្ថានប៉ាស្ទ័រទុយនីស៊ី លោក ហិចមី លូហ្សឺ (Hechmi Louzir) បានអះអាងថា ប្រទេសអាហ្វ្រិកខាងជើងមួយនេះ បានបញ្ជាទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន Pfizer នៅសហរដ្ឋអាមេរិករួចរាល់ហើយ ដោយប្រជាជនទាំងអស់នឹងទទួលបាន ការចាក់វ៉ាក់សាំងដោយមិនគិតថ្លៃនោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០។
បើតាមក្រសួងសុខាភិបាលទុយនីស៊ី ប្រទេសនេះបានបញ្ជាទិញវ៉ាក់សាំង ពីក្រុមហ៊ុនអាមេរិក-អាល្លឺម៉ង់ Pfizer-BioNtech សរុប ២លានដូស។ កិច្ចព្រមព្រៀងរវាងទុយនីស៊ី និងក្រុមហ៊ុនខាងលើនេះ ក៏បានធានាផងដែរថា វ៉ាក់សាំងប្រឆាំង COVID-19 របស់ពួកគេ នឹងនៅរក្សាតម្លៃឲ្យបានក្នុងរង្វង់ ៧ដុល្លារអាមេរិកក្នុងមួយដូស។
ទុយនីស៊ីក៏បានគូសបញ្ជាក់ផងដែរថា ក្រុមប្រជាជនដែលនឹងទទួលបាន ការចាក់វ៉ាក់សាំង COVID-19 ដំបូងៗគេនោះ គឺអ្នកមានជំងឺប្រចាំកាយរុំារ៉ៃ, មនុស្សវ័យចំណាស់ និងបុគ្គលិកសុខាភិបាលជួរមុខជាដើម។ វ៉ាក់សាំងប្រឆាំង COVID-19 ដំបូង ដែលប្រទេសទុយនីស៊ីនឹងទទួលបាន គឺអាចនៅអំឡុងដើមឆ្នាំ២០២១។
គួរបញ្ជាក់ថា ប្រទេសទុយនីស៊ីដែលមានប្រជាជនសរុបជិត ១២លាននាក់ គិតត្រឹមព្រឹកថ្ងៃពុធនេះមានករណីឆ្លង COVID-19 សរុបជាង ១១ម៉ឺនករណី ក្នុងនោះស្លាប់ជិត ៤,០០០នាក់ និងជាសះស្បើយវិញជាង ៨៦,០០០នាក់។ អត្រាឆ្លង COVID-19 នៅក្នុងប្រទេសអាហ្វ្រិកខាងជើងមួយនេះ គឺជាង ១,០០០នាក់ក្នុងមួយថ្ងៃ៕