Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទីបំផុត! មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក McConnell ព្រមទទួលស្គាល់លើ ជ័យជម្នះរបស់ លោក ចូ បៃដិន ហើយ (Video inside)

15-12-2020 23:06

(វ៉ាស៊ីនតោន)៖ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិក លោក Mitch McConnell បានទទួលស្គាល់ជាលើកដំបូង លោក Joe Biden ថាជាប្រធានាធិបតីជាប់ឆ្នោត ដែលក្លាយជាមន្ត្រីជាន់ខ្ពស់របស់គណៈបក្សសាធារណរដ្ឋ ដើម្បីបញ្ចប់បញ្ហាក្តីក្តាំនៃការបោះឆ្នោត ដែលគ្មានមូលដ្ឋានរបស់ លោកដូណាល់ ត្រាំ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Independent នៅយប់ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន លោក Mitch McConnell បានលើកឡើងយ៉ាងដូច្នេះថា «រហូតមកដល់ព្រឹកនេះ ប្រទេសយើងមានប្រធានាធិបតីជាប់ឆ្នោត និងជាអនុប្រធានាធិបតីជាប់ឆ្នោត ជាផ្លូវការហើយ។ យើងជាច្រើនលាននាក់សង្ឃឹមថា ការបោះឆ្នោតប្រធានាធិបតី នឹងផ្តល់លទ្ធផលខុសគ្នា ប៉ុន្តែប្រព័ន្ធរដ្ឋាភិបាលរបស់យើងមានដំណើរការដែលនឹងកំណត់ថា អ្នកណាស្បថចូលកាន់តំណែង នៅថ្ងៃទី ២០ ខែមករាខាងមុខនេះ»

ជាមួយគ្នានេះ មេដឹកនាំសំឡេងភាគច្រើន នៃព្រឹទ្ធសភាអាមេរិករូបនេះ ថែមទាំងសង្កត់ធ្ងន់ទៀតថា «អង្គបោះឆ្នោត បានសម្រេចហើយ។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមអបអរសាទរចំពោះលោក ចូ បៃដិន។ ប្រធានាធិបតីជាប់ឆ្នោតនេះ គឺមិនចម្លែកចំពោះព្រឹទ្ធសភាទេ។ គាត់បានលះបង់ជាច្រើន សម្រាប់សេវាកម្មសាធារណៈ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំក៏ចង់អបអរសាទរអនុប្រធានាធិបតី ដែលជាសហការីរបស់យើង មកពីរដ្ឋកាលីហ្វ័រញ៉ា គឺលោកស្រីកាម៉ាឡា ហារីស ផងដែរ»

គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្តាហ៍នេះ អង្គបោះឆ្នោត បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជា ប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។ តាមរយៈការបោះឆ្នោតនេះ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយលទ្ធផលបោះឆ្នោតនៃអង្គបោះឆ្នោត នឹងត្រូវរង់ចាំការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពី អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន។ លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ជាមួយការរំពឹងថាអាចនឹងបញ្ចុះ បញ្ចូលកុំឱ្យសភាអាមេរិកទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ តែអ្នកឃ្លាំមើលជាច្រើនយល់ថាបំណងរបស់លោក ត្រាំ នឹងមិនទទួលបានជោគជ័យឡើយ រីឯលោក បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕