(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារនិងឪសថរបស់ហរដ្ឋអាមេរិក(FDA) នៅថ្ងៃអង្គារនេះបានរកឃើញថា វ៉ាក់សាំង COVID-19 របស់អាមេរិកមួយទៀតហើយ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់រហូតដល់ ៩៥% ដែលនេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ការអនុម័តឲ្យប្រើប្រាស់ នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Financial Times នៅយប់ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
ប្រសិនបើ វ៉ាក់សាំងនេះត្រូវបានអនុម័ត ដោយរដ្ឋបាលចំណីអាហារនិងឪសថរបស់ហរដ្ឋអាមេរិក (FDA)ពិតមែន នោះវានឹងក្លាយជាវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ទី២ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក។
ដំណឹងល្អនេះ វាកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រជាជនអាមេរិកនៅទូទាំងប្រទេស កំពុងចាប់ផ្តើមទទួលបានវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ។ ទោះជាយ៉ាងណា អ្វីដែលពិសេស នៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នេះ គឺថាវាមិនទាមទារឲ្យមានការស្តុកទុក ក្នុងសុីតុណ្ហភាពត្រជាក់ខ្លាំង ដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech នោះទេ។
FDA បានចេញផ្សាយទិន្នន័យនៃវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna នេះ នៅមុនកិច្ចប្រជុំគណៈកម្មាធិការវ៉ាក់សាំង ដែលនឹងបើកការពិភាក្សាអំពីវានៅថ្ងៃសុក្រសប្តាហ៍នេះ ដើម្បីសម្រេចថាតើត្រូវសម្រេចអនុញ្ញាតឲ្យប្រើប្រាស់ ឬយ៉ាងណា។ ក្នុងឯកសារដែលមានកម្រាស់ ៥៤ទំព័រនោះ បានលើកឡើងយ៉ាងដូច្នេះថា «មិនមានការព្រួយបារម្ភអំពីសុវត្ថិភាពជាក់លាក់ណាមួយទេ ហើយប្រតិកម្មធ្ងន់ធ្ងរ ក៏មិនមានដែរ»។
គួរបញ្ជាក់ថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Moderna ទាមទារស្តុកក្នុងស៊ីតុណ្ហភាពប្រហែល -២០អង្សាសេសម្រាប់ការដឹកជញ្ជូន ខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer តម្រូវឲ្យស្តុកក្នុងស៊ីតុណ្ហភាពប្រហែល -៧០អស្សាសេ ឯណោះ៕