(សិង្ហបុរី)៖ ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានសម្រេចកិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រសួងសុខាភិបាល របស់សិង្ហបុរី ដើម្បីផ្គត់ផ្គង់វ៉ាក់សាំង mRNA-1273 សម្រាប់បង្ការជំងឺ COVID-19 ដល់ប្រទេសមួយនេះ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
«កិច្ចព្រមព្រៀងនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដែលកំពុងធ្វើឡើង ដើម្បីធានាការទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព សម្រាប់ប្រជាជនសិង្ហបុរី», នេះបើតាមក្រុមហ៊ុន Moderna បានឲ្យដឹងយ៉ាងដូច្នេះ។
ចំពោះព័ត៌មានលម្អិតនៃចំនួន ដូស និងតម្លៃ នៃកិច្ចព្រមព្រៀងនេះវិញ មិនមានការបង្ហាញឲ្យដឹងនោះទេ។
ទិន្នន័យពីការសិក្សាដំណាក់កាលទី៣ លើអ្នកចូលរួម៣០,០០០នាក់ នៅសហរដ្ឋអាមេរិក បានបង្ហាញថា វ៉ាក់សាំងនេះ មានប្រសិទ្ធិភាព៩៤,១ភាគរយ ប្រឆាំងនឹងជំងឺ COVID-19 ហើយទទួលបានអត្រាជោគជ័យ១០០ភាគរយ នៅក្នុងការការពារមិនឲ្យកើតមានករណីធ្ងន់ធ្ងរ៕