(ប៊ែកឡាំង)៖ ការិយាល័យរបស់អធិការបតីលោកស្រី Angela Merkel និងក្រសួងសុខាភិបាលអាល្លឺម៉ង់ ជំរុញឲ្យទីភ្នាក់ងារឱសថអឺរ៉ុប ដែលហៅកាត់ថា EMA ពន្លឿនកាលបរិច្ឆេទ សម្រាប់ការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech មកនៅថ្ងៃទី២៣ ខែធ្នូនេះ ជំនួសថ្ងៃទី២៩ វិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Medical Express នៅយប់ថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បានប្រាប់វិទ្យុក្នុងស្រុកមួយ នៅល្ងាចថ្ងៃចន្ទនេះ(ម៉ោងនៅប៊ែកឡាំង)ថា គោលបំណងបស់អាល្លឺម៉ង់ គឺចង់ឲ្យវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុម័ត មុនថ្ងៃបុណ្យណូអែល ដើម្បីចាប់ផ្តើមចាក់វ៉ាក់សាំងនៅឆ្នាំនេះតែម្តង។
តាមរយៈការបង្ហោះសារជាបន្តបន្ទាប់ នៅលើបណ្តាញទំនាក់ទំនងរបស់ខ្លួន រដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ ថែមទាំងបានសង្កត់ធ្ងន់ទៀតថា «ការអនុម័តយល់ព្រម ពីទីភ្នាក់ងារឱសថអឺរ៉ុប គួរតែធ្វើឡើងឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។ ថ្បិតថា រាល់ទិន្នន័យចាំបាច់ស្តីពីវ៉ាក់សាំងរបស់ BioNTech គឺអាចទទួលយកបាន។ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានចេញការយល់ព្រមរួចទៅហើយ»។
គួរបញ្ជាក់ថា នៅចំពោះមុខនៃការកើនឡើងយ៉ាងគំហុក នៃករណីឆ្លង COVID-19 អាជ្ញាធរអាល្លឺម៉ង់ បានសម្រេចអនុវត្តវិធានការបិទប្រទេសមួយផ្នែក សម្រាប់រយៈពេល៦សប្ដាហ៍ ដោយតម្រូវឲ្យបារ ក្លឹបរាត្រី និងភោជនីយដ្ឋាន ត្រូវបិទទា្វរ ស្របពេលសាលារៀន និងហាងទំនិញខ្លះ នៅតែបន្តបើកទ្វារដដែល រហូតដល់ថ្ងៃទី ២០ ខែធ្នូ៕