(ឡុងដ៏)៖ ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស នៅថ្ងៃអង្គារនេះបាប្រកាសថា លោក បូរីស ចនសុន (Boris Johnson) នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌានៅខែមករា ដើមឆ្នាំ២០២១ខាងមុខនេះ ដើម្បីព្យាយាមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ និងសហការរួមគ្នាក្នុងការដោះស្រាយ បញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
ចាប់តាំងពីចក្រភពអង់គ្លេសបានបោះឆ្នោតប្រជាមតិ ចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ លោក Boris Johnson មានបំណងចង់ផ្សព្វផ្សាយនូវអ្វីដែលលោកហៅថា «Global Britain» ដោយលោកសង្ឃឹមថា នឹងជំរុញចំណងទំនាក់ទំនងជាមួយបណ្តាប្រទេសដែលនៅឆ្ងាយ និងទាក់ទាញការវិនិយោគបរទេសថ្មីៗមកកាន់ប្រទេសមួយ ដែលបាននិងកំពុងរងគ្រោះ ដោយសារជំងឺឆ្លងរាតត្បាតសកល (COVID-19) យ៉ាងដំណំនេះ។
លោក Boris Johnson បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «ខ្ញុំពិតជារីករាយណាស់ ដែលបានធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំក្រោយនេះ ជាឆ្នាំដ៏រំភើបមួយដែលចាប់ផ្ដើមសម្រាប់គោលដៅ Global Britain និងជាការទន្ទឹងរង់ចាំដ៏អស្ចារ្យមួយ នៅក្នុងការបង្កើនទំនាក់ទំនងទ្វេភាគីរបស់យើង ដែលនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) និងខ្ញុំបានសន្យាថា នឹងបំពេញកិច្ចការនេះឲ្យបានសម្រេច»។
គួរបញ្ជាក់ថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក៏នឹងចូលរួមក្នុងពិធីដង្ហែក្បួន ព្យុហយាត្រាប្រចាំឆ្នាំរបស់ប្រទេសឥណ្ឌា នៅទីក្រុងញូដេលីផងដែរ៕