(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅថ្ងៃអង្គារនេះ បាននិយាយថា តៃវ៉ាន់ អាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេស ប្រជាធិបតេយ្យលោកខាងលិច ខណៈលោកស្រី ប្រកាសឱ្យប្រើប្រាស់នាវាចម្បាំងស៊េរីថ្មីមួយគ្រឿង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
នាវាចម្បាំង Tuo Chiang ស៊េរីថ្មីខាងលើ ត្រូវបានកងទ័ពជើងទឹកតៃវ៉ាន់ ដាក់រហស្សនាមឱ្យថា «អ្នកពិឃាតនាវាផ្ទុកយន្ដហោះចម្បាំង» ដោយសារតែ វាមានសមត្ថភាពបំពាក់ មីស៊ីលប្រឆាំងនាវាចម្បាំង និងមីស៊ីលប្រឆាំងយន្ដហោះចម្បាំង។ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើនាវាចម្បាំង Tuo Chiang លោកស្រី Tsai Ing-wen បានកោតសរសើរ យ៉ាងខ្លាំងដល់សមត្ថភាពអភិវឌ្ឍ និងផលិតអាវុធទំនើបថ្មីចុងក្រោយបំផុតរបស់កោះតៃវ៉ាន់ នាពេលបច្ចុប្បន្ន។ លោកស្រី Tsai បានគូសបញ្ជាក់ដូច្នេះថា៖ «យើងមានការតាំង ចិត្តខ្ពស់ និងមានសមត្ថភាពផលិតនាវាចម្បាំងដោយខ្លួនឯង ដែលនេះនឹងឱ្យពិភពលោកមើលឃើញពីវិស័យការពារជាតិ និងថាមពលអភិវឌ្ឍរបស់យើង។ នៅថ្ងៃអនាគត យើងប្រហែលជាអាចនឹងក្លាយជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់មួយ សម្រាប់បណ្ដាប្រទេសប្រជាធិបតេយ្យលោកខាងលិច»។
គួរបញ្ជាក់ថា ការពង្រឹងវិស័យការពារជាតិ គឺជាកិច្ចការអាទិភាពរបស់លោកស្រី Tsai Ing-wen ចាប់តាំងពីលោកស្រី ជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ តាំងពីឆ្នាំ២០១៦ មកម្លេះ ខណៈចិនចេះតែគំរាមវាយប្រហារ និងធ្វើសកម្មភាពយោធាកាន់ខ្លាំងឡើង នៅក្បែរកោះតៃវ៉ាន់។ ក្រៅតែពីមានកងកម្លាំងយន្ដហោះចម្បាំង F-16 ដ៏ធំ នៅក្នុងតំបន់ តៃវ៉ាន់ ក៏កំពុងពង្រឹងសមត្ថភាពកងទ័ពជើងទឹកផងដែរ ដោយដែនកោះមួយនេះ កំពុងផ្ដោតជាសំខាន់លើការការពារព្រំដែនទឹក តាមរយៈការបញ្ចេញផែនការផលិតនាវា ចម្បាំង និងនាវាមុជទឹក ជាច្រើនគ្រឿងនៅថ្ងៃអនាគត៕