(តូក្យូ)៖ បុរសជនជាតិជប៉ុនម្នាក់ ដែលមានរហ័ស្សនាមថា «Twitter Killer» នៅថ្ងៃអង្គារនេះ ត្រូវបានតុលាការក្រុងតូក្យូ ផ្តន្ទាទោសប្រហារជីវិត ពីបទមនុស្សឃាត ដែលគាត់បានសម្លាប់ និងកាប់ចិញ្រ្ចំាមនុស្សចំនួន ០៩នាក់ ដែលគាត់បានជួបតាមប្រព័ន្ធអនឡាញ។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មាន CNA នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
លោក តាកាស៉ីរ៉ូ ស៉ីរ៉ៃស៉ី (Takahiro Shiraishi) អាយុ៣០ឆ្នាំ បានសារភាពពីការសម្លាប់ជនរងគ្រោះវ័យក្មេងចំនួន០៩នាក់ ដែលក្នុងនោះមានម្នាក់ជាស្ត្រី ដែលគាត់បានជួបតាមបណ្ដាញទំនាក់ទំនងសង្គម។ មេធាវីរបស់លោក Takahiro Shiraishi បានប្រកែកថា គាត់គួរតែទទួលការកាត់ទោសជាប់គុក ជំនួសការកាត់ទោសប្រហារជីវិតវិញ ពីព្រោះជនរងគ្រោះ ដែលមានអាយុចន្លោះពី១៥ ទៅ២៦ឆ្នាំទាំងនោះ បានសម្តែងពីគំនិតចង់ធ្វើអត្តឃាតនៅលើបណ្តាញទំនាក់ទំនងសង្គម ដូច្នេះមានន័យថាពួកគេបានយល់ព្រមទទួលការស្លាប់នេះ។ ប៉ុន្តែ មន្ត្រីតុលាការជប៉ុន នៅថ្ងៃអង្គារនេះ បានថ្លែងប្រាប់សារពត៌មាន AFP ថា លោក Takahiro Shiraishi ត្រូវតែកាត់ទោសប្រហារជីវិត។
យោងតាមទូរទស្សន៍រដ្ឋជប៉ុន NHK ចៅក្រមបានគូសបញ្ជាក់ថា គ្មានជនរងគ្រោះណាម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង០៩នាក់នោះ ដែលបានយល់ព្រមឱ្យគេសម្លាប់ រួមទាំងយល់ព្រមដោយស្ងៀមស្ងាត់នោះទេ។ ចៅក្រមបានបន្ថែមថា វាពិតជាធ្ងន់ធ្ងរណាស់ ដែលអាយុជីវិតរបស់ជនរងគ្រោះទាំង ០៩នាក់ត្រូវបានគេសម្លាប់ ហើយសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ត្រូវបានគេជាន់ឈ្លី។
គួរបញ្ជាក់ថា លោក Takahiro Shiraishi បានប្រើគណនីបណ្ដាញទំនាក់ទំនង Twitter របស់គាត់ ដើម្បីទាក់ទងទៅជនរងគ្រោះដែលបានសម្ដែងពីគំនិតចង់ធ្វើអត្តឃាតរបស់ពួកគេ ដោយប្រាប់ពួកគេថា គាត់អាចជួយពួកគេនៅក្នុងផែនការនេះបាន ឬស្លាប់ជាមួយពួកគេ។
ជប៉ុន គឺជាប្រទេសមួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍មួយចំនួន ដែលបានរក្សាទោសប្រហារជីវិត ហើយការគាំទ្រពីសាធារណៈចំពោះទោសប្រហារជីវិតនេះ នៅក្នុងប្រទេសជប៉ុននៅតែខ្ពស់ដដែល។ ច្រើនឆ្នាំកន្លងផុតទៅ ការកាត់ទោសប្រហារជីវិតចុងក្រោយបំផុតនៅប្រទេសជប៉ុន គឺកើតឡើងកាលពីខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ ដែលបុរសជនជាតិចិនម្នាក់ ត្រូវបានព្យួរកពីបទឃាតកម្មលើក្រុមគ្រួសារដែលមានសមាជិក០៤នាក់៕