(អង់ការ៉ា)៖ រដ្ឋមន្ត្រីក្រសួងការបរទេសអ៉ីរ៉ង់លោក ហ្សាវ៉ាដ ហ្សារីហ្វ (Javad Zarif) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងតួកគី ពាក់ព័ន្ធទៅនឹងការទិញប្រព័ន្ធការពារមីស៊ីល S-400 របស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
លោក Zarif បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ការញៀនរបស់អាមេរិកក្នុងការដាក់ទណ្ឌកម្ម និងការមើលងាយចំពោះច្បាប់អន្ដរជាតិ ត្រូវបានបង្ហាញសាជាថ្មីម្តងទៀត»។ រដ្ឋមន្ត្រីរូបនេះបានបន្ថែមទៀតថា អ៉ីរ៉ង់នឹងឈរនៅជាមួយប្រជាជន និងរដ្ឋាភិបាលតួកគី ដើម្បីប្រឆាំងនឹងសម្ពាធរបស់ទីក្រុងវ៉ាស៊ីនតោន។
កាលពីឆ្នាំ២០១៧ ប្រទេសរុស្ស៊ី និងតួកគីបានចុះកិច្ចព្រមព្រៀងមួយមានតម្លៃ ២.៥ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធការពារដែនអាកាស S-400 ពីទីក្រុងម៉ូស្គូ។ ឈានមកដល់ខែកក្កដា ឆ្នាំ២០១៩ រដ្ឋាភិបាលតួកគីនៅតែជម្នះបន្តកិច្ចព្រមព្រៀងខាងលើ បើទោះបីជាទណ្ឌកម្មសហរដ្ឋអាមេរិក បានហាមឃាត់រាល់ការទិញបរិក្ខាយោធា ពីប្រទេសរុស្ស៊ីក៏ដោយ។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ក្រសួងរតនាគារអាមេរិកបានប្រកាសដាក់ទណ្ឌកម្ម លើមន្ត្រីតួកគីចំនួន ០៤រូប, ស្ថាប័នពាក់ព័ន្ធតួកគី, ប្រធានផ្នែកឧស្សាហកម្មការពារជាតិ ក៏ដូចជាទីភ្នាក់ងារទទួលបន្ទុកការដេញថ្លៃបរិក្ខាយោធាផងដែរ។ វិធានការទាំងអស់នេះត្រូវបានដាក់ចេញ ដើម្បីឆ្លើយតបចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលតួកគី ក្នុងការជម្នះទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី ដោយមិនស្តាប់តាមការអំពាវនាវរបស់អាមេរិក និងសម្ព័ន្ធមិត្ត។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើបានរំលោភលើ ច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ច្បាប់ដាក់ទណ្ឌកម្ម (CAATSA) ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីប្រឆាំងនឹងសត្រូវរបស់អាមេរិក ដែលត្រូវបានសំដៅទៅលើប្រទេសរុស្ស៊ី កូរ៉េខាងជើង និងអ៉ីរ៉ង់ និងបានហាមឃាត់បណ្តាប្រទេសនានា មិនឲ្យទិញឧបករណ៍ស៊ើបការណ៍សម្ងាត់ ឬបរិក្ខាយោធាពីទីក្រុងម៉ូស្គូនោះឡើយ ហើយបើប្រទេសណាមិនគោរពតាម នោះនឹងអាចប្រឈមការដាក់ទណ្ឌកម្មទៀតផង៕