(វ៉ាស៊ីនតោន)៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខជនប្រធានាធិបតីតំណាងគណបក្សប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៦ លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) នៅតែបង្ហាញជំហរដដែល ដោយអំពាវនាវឱ្យលុបចោលប្រព័ន្ធបោះឆ្នោត ដែលតម្រូវឲ្យមានអ្នកតំណាង (Electoral College) ឬអង្គបោះឆ្នោត ហើយការជ្រើសរើសប្រធានាធិបតី គួរតែធ្វើឡើងដោយផ្ទាល់ពីប្រជាជនអាមេរិក ឬយកតាមចំនួនសំឡេងឆ្នោតជាក់ស្តែង (Popular Vote) វិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃចន្ទសប្ដាហ៍នេះ លោកស្រី Hillary Clinton បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំជឿជាក់ថា យើងគួរតែលុបចោលប្រព័ន្ធបោះឆ្នោត Electoral College ហើយការជ្រើសរើសប្រធានាធិបតី គួរតែធ្វើឡើងដោយផ្ទាល់ពីប្រជាជនអាមេរិក ឬសំឡេង Popular Vote។ ទោះជាយ៉ាង បច្ចុប្បន្នប្រព័ន្ធបោះឆ្នោតបែបនេះនៅតែមាន ហើយខ្ញុំពិតជាមានមោទនភាព ក្នុងការបោះឆ្នោតគាំទ្រលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស (Kamala Harris) នៅក្នុងរដ្ឋញូយ៉ក»។
គួរបញ្ជាក់ថា លោកស្រី Hillary Clinton ក៏ធ្លាប់ចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ដោយនៅកាលណោះលោកស្រី ឈ្នះសំឡេងបោះឆ្នោតពីប្រជាជនអាមេរិក ឬសំឡេង Popular Vote លើលោក ដូណាល់ ត្រាំ ដល់ទៅជាងជិត ៣លានសំឡេង។ តែនៅទីបំផុត លោក ត្រាំ នៅតែអាចជាប់ឆ្នោតជាប្រធានាធិបតី ដោយសារតែទទួលបានសំឡេង អង្គបោះឆ្នោតច្រើនជាងលោកស្រី Clinton៕