(តូក្យូ)៖ សារព័ត៌មានជប៉ុន អាសាហ៊ិ (Asahi) នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ បានរាយការណ៍ថា កូរ៉េខាងជើងបានទិញវ៉ាក់សាំង COVID-19 ឈ្មោះ Sputnik V ពីប្រទេសរុស្ស៊ី និងកំពុងចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងជាបណ្ដើរៗ។ នេះបើតាមការដកស្រង់ និងចេញផ្សាយបន្តដោយសារព័ត៌មានរុស្ស៊ី TASS។
សារព័ត៌មានជប៉ុន Asahi បានគូសបញ្ជាក់ថា តម្លៃ និងចំនួនវ៉ាក់សាំង មិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈសមាជិកមួយចំនួននៃគណបក្សពលករកូរ៉េ ទទួលបានការចាក់វ៉ាក់សាំងជាបណ្តើរៗហើយ។ ទោះជាបែបនេះក្តី មិនទាន់មានព័ត៌មានណាមួយអាចបញ្ជាក់បានថា តើលោក គីម ជុងអ៊ុន បានទទួលការចាក់វ៉ាក់សាំង ដែរឬក៏យ៉ាងណានោះទេ ស្របពេលមានការរំពឹងថា លោកអាចនឹងចាក់វ៉ាក់សាំង នៅពេលវ៉ាក់សាំងរុស្ស៊ី Sputnik V ត្រូវបានប្រកាសទទួលស្គាល់ថាមានសុវត្ថិភាព និងប្រសិទ្ធភាពពេញលេញ។ Asahi ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពបានមកពីក្រុមស៊ើបការណ៍សំងាត់ ក្នុងប្រទេសកូរ៉េខាងត្បូង និងពាណិជ្ជករចិនក្នុងប្រទេសកូរ៉េខាងជើង នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លង COVID-19 សូម្បីតែមួយករណី បើទោះជាអ្នកជំនាញជាពិសេសកូរ៉េខាងត្បូងយល់ថា ទីក្រុងព្យុងយ៉ាងបានព្យាយាមបិទបាំងទិន្នន័យក៏ដោយ៕