(ស៊ីដនី)៖ អាជ្ញាធរអាកាសចរណ៍, ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមអ្នកជំនាញជាច្រើន បានក្រើនរំលឹកឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ធ្វើការត្រួតពិនិត្យឱ្យបានល្អិតល្អន់ និងប្រុងប្រយ័ត្នខ្ពស់បំផុតមុនពេកដាក់ឲ្យដំណើរការ យន្តហោះដឹកអ្នកដំណើររបស់ខ្លួនឡើងវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។

ការព្រមានខាងលើកើតមានឡើង ចំពេលក្រុមហ៊ុនអាកាសចរណ៍ជាច្រើននៅជុំវិញពិភពលោក កំពុងត្រៀមខ្លួនចាប់ផ្តើមសកម្មភាពហោះហើរ ដឹកអ្នកដំណើររបស់ខ្លួនឡើងវិញ បន្ទាប់ពីមានការរំពឹងជាច្រើនថា វ៉ាក់សាំងអាចនឹងកម្ចាត់ COVID-19 ក្នុងឆាប់ៗនេះ។ ក្រុមអ្នកជំនាញបានបង្ហាញក្ដីកង្វល់ ជាមួយការព្រមានឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានល្អិតល្អន់ និងប្រុងប្រយ័ត្នខ្ពស់បំផុត នៅចាប់ផ្ដើមដំណើរអាជីវកម្មហោះហើរឡើងវិញ ដោយសារតែកំឡុងការរាតត្បាត COVID-19 យន្ដហោះជាច្រើនត្រូវបញ្ឈរជើង រីឯពីឡុតត្រូវសម្រាករយៈពេលវែង ដែលនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពបញ្ជាយន្ដហោះ។

មិនតែប៉ុណ្ណោះ អាជ្ញាធរក៏បានរំលឹកឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ត្រួតពិនិត្យ និងធ្វើការថែទាំលើគ្រឿងម៉ាស៊ីនឱ្យបានល្អិតល្អន់ និងពិនិត្យមើលក្រែងលោមានសត្វល្អិតនៅក្នុងម៉ាស៊ីន ឬរំខានដល់ប្រព័ន្ធចាប់សញ្ញា (sensors) សំខាន់ៗផងដែរ។

គួរបញ្ជាក់ថា កាលពីខែឧសភាកន្លងទៅ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ប៉ាគីស្ថាន (Pakistan International Airlines) បានធ្លាក់ដោយសារ បញ្ហាគ្រប់គ្រងលំនឹងយន្ដហោះ និងបានផ្ដាច់ជីវិតមនុស្ស ៩៧នាក់។ លើសពីនេះទៅទៀត កាលពីខែសីហាកន្លងទៅ មនុស្ស ១៨នាក់ក៏បានស្លាប់ផងដែរ ក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះនៃក្រុមហ៊ុន អ៊ែរឥណ្ឌាអិចប្រេស (Air India Express) នៅពេលចុះចត ហើយមូលហេតុគឺបណ្ដាលមកពីបញ្ហា លើការគ្រប់គ្រងលំនឹងយន្ដហោះដូចគ្នា៕