(ព្រុចសែល)៖ ក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា និយ័តករឱសថរបស់សហភាពអឺរ៉ុប កំពុងរងសម្ពាធកាន់តែខ្លាំងឡើងៗ ក្នុងការអនុម័តឲ្យប្រើវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថអាមេរិក-អាល្លឺម៉ង់ Pfizer-BioNTech ឲ្យបានឆាប់រហ័ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
ការជំរុញនេះបានគូសបញ្ជាក់អំពីភាពមិនចុះសម្រុងរវាងនិយ័តករឱសថ និងរដ្ឋាភិបាលនានា ដែលមានបំណងទប់ស្កាត់ការឆ្លង និងរីករាលដាលនៃ COVID-19 ដែលបានសម្លាប់មនុស្ស ១.៦លាននាក់នៅទូទាំងពិភពលោកទៅហើយនោះ។ ប្រភពព័ត៌មានចំនួន ៤ ពីសហភាពអឺរ៉ុប បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថាទីភ្នាក់ងារត្រួតពិនិត្យឱសថអឺរ៉ុប (EMA) បានរងសម្ពាធពីគណៈកម្មការអឺរ៉ុប និងរដ្ឋាភិបាលអឺរ៉ុបក្នុងការអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំង COVID-19 ឲ្យបានឆាប់រហ័ស។
មន្ត្រី EMA ម្នាក់បាននិយាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា រដ្ឋាភិបាលប្រទេសអឺរ៉ុបនានា បានដាក់សម្ពាធយ៉ាងខ្លាំង លើទីភ្នាក់ងារ EMA «តាមរយៈបណ្តាញទំនាក់ទំនងធម្មតា» បន្ទាប់ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ឬក្រោយពីនិយ័តករឱសថអង់គ្លេស បានអនុម័តឲ្យប្រើប្រាក់វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech ជាបន្ទាន់។ និយ័តករឱសថអង់គ្លេសបានប្រើនីតិវិធីមួយ ដែលត្រូវបានអនុញ្ញាតក្រោមច្បាប់របស់សហភាពអឺរ៉ុប ក្នុងករណីពិសេស ប៉ុន្តែអាជ្ញាធរសហភាពអ៊ឺរ៉ុបបានបដិសេធ មិនធ្វើតាមនីតិវិធីនេះទេ ពីព្រោះពួកគេគិតថា វាមិនសមស្របសម្រាប់វ៉ាក់សាំង ដែលត្រូវការការវាយតម្លៃឲ្យបានហ្មត់ចត់បន្ថែម។
ជុំវិញបញ្ហាខាងលើនេះ រដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន (Jens Spahn) បានបង្ហោះសារនៅលើគណនីបណ្តាញសង្គម Twitter របស់លោកកាលពីថ្ងៃអាទិត្យថា «រាល់ទិន្នន័យចាំបាច់ស្តីពីវ៉ាក់សាំង ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថ BioNTech គឺអាចប្រើប្រាស់បានទាំងអស់។ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានអនុម័ត ឲ្យប្រើប្រាក់វ៉ាក់សាំងនេះរួចទៅហើយ ដូច្នេះហើយការវាយតម្លៃលើទិន្នន័យ និងការអនុម័តពី EMA គួរតែកើតឡើងយ៉ាងឆាប់រហ័ស តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់ថា និយ័តករឱសថរបស់សហភាពអ៊ឺរ៉ុប បានទទួលទិន្នន័យពីការធ្វើតេស្តវ៉ាក់សាំង COVID-19 ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ និងបានបញ្ជាក់ទៀតថា ខ្លួននឹងសម្រេចចិត្តលើការអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងនេះ តាមដែលអាចធ្វើទៅបាននៅត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។ ក្រុមមន្រ្តីអឺរ៉ុបបាននិយាយថា ពួកគេកំពុងធ្វើការទាំងយប់ទាំងថ្ងៃរហូតដល់ថ្ងៃកំណត់ ដោយមានការផ្លាស់ប្តូរវេនគ្នា ដើម្បីបញ្ចប់ការវាយតម្លៃឲ្យបានទាន់ពេលវេលា៕