(វីលមីងតុន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតជាផ្លូវការ លោក ចូ បៃដិន បានរិះគន់ធ្ងន់ៗលើលោកប្រធានាធិបតី ដូណាល់ ត្រាំ ថាមិនគោរពតាមរដ្ឋធម្មនុញ្ញ និងឆន្ទៈរបស់ប្រជាជនអាមេរិក តាមរយៈការបដិសេធទទួលស្គាល់លទ្ធផលបោះឆ្នោត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាមួយបន្ទាប់ពីអង្គបោះឆ្នោត នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានបោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោក។ នាឱកាសនោះ លោក បៃដិន បានលើកឡើងយ៉ាងដូច្នេះថា «វាគឺជាគោលជំហរជ្រុលហួសហេតុ ដែលយើងមិនធ្លាប់បានឃើញពីមុនមក។ គោលជំហរមួយដែលមិនគោរពតាមឆន្ទៈរបស់ប្រជាជន, មិនគោរពតាមគោលការណ៍នៃច្បាប់ និងរដ្ឋធម្មនុញ្ញ»។
គួរបញ្ជាក់ថា នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រុមអ្នកដំណាងបោះឆ្នោត ឬអង្គបោះឆ្នោត បានបោះឆ្នោតទទួលស្គាល់ជាផ្លូវការ លើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។ លោក បៃដិន ទទួលបានសំឡេងពីអង្គបោះឆ្នោត ៣០៦រូប ដែលលើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោតតែ ២៣២រូបប៉ុណ្ណោះ។ លទ្ធផលបោះឆ្នោតនេះនឹងត្រូវរង់ចាំការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង ០២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពីអនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន ខណៈលោក បៃដិន នឹងក្លាយជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្រលោក ត្រាំ មួយចំនួនបានអំពាវនាវនៅលើបណ្ដាញទំនាក់ទំនងសង្គម ឱ្យមានការធ្វើបាតុកម្មជំទាស់នឹងលទ្ធផលបោះឆ្នោតនេះ ខណៈក្រុមមន្ត្រីកិច្ចការបោះឆ្នោតអាមេរិក បង្ហាញពីការព្រួយបារម្ភ ដោយខ្លាចក្រែងអំពើហិង្សអាចនឹងផ្ទុះឡើង ខណៈលោក ដូណាល់ ត្រាំ នៅតែបន្តចោទថាមានការលួចបន្លំ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ។ លោក ត្រាំ ធ្លាប់បាននិយាយថា លោកនឹងយល់ព្រមប្រគល់អំណាចដោយសន្តិវិធីឱ្យលោក ចូ បៃដិន ប៉ុន្តែទន្ទឹមគ្នា លោកមិនបានសន្យាថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ឬក៏ជ័យជម្នះរបស់លោក បៃដិន ឡើយ៕