(វ៉ាស៊ីនតោន)៖ នៅទីបំផុតដូចការរំពឹងទុក អង្គបោះឆ្នោតបានបោះឆ្នោតទទួលស្គាល់ជាផ្លូវការហើយលើជ័យជម្នះរបស់លោក ចូ បៃដិន ដើម្បីឱ្យលោកក្លាយជា ប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។
អង្គបោះឆ្នោតបានជួបជុំគ្នានៅតាមរដ្ឋធានីនីមួយៗ ប្រចាំរដ្ឋរបស់ពួកគេ នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ដោយទម្លាក់សន្លឹកឆ្នោតរបស់ពួកគេគាំទ្រ លោក បៃដិន។ លោក បៃដិន ទទួលបានអង្គបោះឆ្នោត ៣០៦រូប លើស២៧០រូប ដើម្បីក្លាយជាប្រធានាធិបតី ខណៈលោក ដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត ២៣២រូប ហើយអង្គបោះឆ្នោតក្នុងរដ្ឋ Swing states ដូចជា រដ្ឋ Arizona, Georgia, Michigan, Nevada, Pennsylvania និង Wisconsin សុទ្ធតែបោះឆ្នោតគាំទ្រ លោក បៃដិន និងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris។
គួរបញ្ជាក់ថា តាមរយៈការបោះឆ្នោតនេះ លោក បៃដិន នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ហើយលទ្ធផលបោះឆ្នោតនៃអង្គបោះឆ្នោត នឹងត្រូវរង់ចាំ ការប្រកាស និងទទួលស្គាល់ជាផ្លូវការពីសំណាក់សភាទាំង២ ដែលនឹងត្រូវបើកសម័យប្រជុំនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយផ្ទាល់ពី អនុប្រធានាធិបតីអាមេរិក លោក ម៉ៃក៍ ភែន។ លោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ជាមួយការរំពឹងថាអាចនឹងបញ្ចុះ បញ្ចូលកុំឱ្យសភាអាមេរិកទទួលស្គាល់លទ្ធផលបោះឆ្នោតនេះ តែអ្នកឃ្លាំមើលជាច្រើនយល់ថាបំណងរបស់លោក ត្រាំ នឹងមិនទទួលបានជោគជ័យឡើយ រីឯលោក បៃដិន នឹងក្លាយជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១៕