(ម៉ានីល)៖ ហ្វីលីពីន មានគោលបំណងសម្រេចកិច្ចចរចា ជាមួយនឹងក្រុមហ៊ុន Sinovac Biotech នៅក្នុងសប្តាហ៍នេះ ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន២៥លានដូស ពីក្រុមហ៊ុនរបស់ចិនមួយនេះ ដោយត្រូវប្រគល់វ៉ាក់សាំង នៅខែមីនា ឆ្នាំ២០២១ខាងមុខ, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក ប្រធានាធិបតី Rodrigo Duterte ដែលបានបន្តទំនាក់ទំនងយ៉ាងកក់ក្តៅ ជាមួយរដ្ឋាភិបាលក្រុងប៉េកាំងនោះ ចង់ឲ្យប្រជាជនហ្វីលីពីន ប្រមាណ១០៨លាននាក់នោះ ទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដោយទិញវ៉ាក់សាំង ពីរុស្ស៊ី ឬក៏ចិន។

មន្ត្រីហ្វីលីពីន បានជួបជាមួយតំណាងក្រុមហ៊ុន Sinovac នៅថ្ងៃសុក្រ ហើយនឹងមានជំនួបមួយផ្សេងទៀត នៅសប្តាហ៍នេះ ដើម្បីសម្រេចកិច្ចព្រមព្រៀង, នេះបើតាមការបញ្ជាក់ពីលោក Carlito Galvez ប្រធានវ៉ាក់សាំងរបស់ហ្វីលីពីន បានឲ្យដឹងយ៉ាងដូច្នេះ។

ជាមួយនឹងករណីឆ្លងវីរ៉ុស COVID-19 ជិត៤៥១,០០០ករណី និងស្លាប់ជាង៨,៨០០ករណី, ហ្វីលីពីន ជាប្រទេសដែលមានករណីឆ្លងវីរ៉ុស និងស្លាប់ច្រើនជាងគេបំផុត លំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូនេស៊ី៕