(សុីដនី)៖ ក្រុមអ្នកពន្លត់អគ្គីភ័យអូស្ត្រាលីនៅទីបំផុត បានគ្រប់គ្រងភ្លើងឆេះព្រៃ ដែលបានបំផ្លាញផ្ទៃដីប្រមាណជាងពាក់កណ្តាលនៃកោះហ្រ្វេសឺ (Fraser Island) ដែលជាកោះខ្សាច់ធំជាងគេលើផែនដី និងស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) បន្ទាប់ពីបានឆាបឆេះអស់រយៈពេលប្រហែលជា ០២ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
នាយកដ្ឋានពន្លត់អគ្គីភ័យប្រចាំរដ្ឋឃ្វីនឡែន (Queensland) កាលពីថ្ងៃអាទិត្យ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា ដោយសារតែមានជំនួយពីទឹកភ្លៀង ព្រមទាំងការឆ្លើយតបយ៉ាងមមាញឹកពីសំណាក់ក្រុមអ្នកពន្លត់អគ្គីភ័យ ទើបយើងអាចគ្រប់គ្រងភ្លើងឆេះព្រៃនេះបានជោគជ័យ។ ទោះជាយ៉ាងណា ការព្រួយបារម្ភនៅពេលនេះ បានបង្វែរទៅរកបញ្ហាគ្រោះធម្មជាតិមួយផ្សេងទៀត ដែលបាននាំមកនូវទឹកភ្លៀង ជាមួយនឹងខ្យល់បក់ដ៏ខ្លាំង ហើយបានបង្ហាញពីលទ្ធភាពនៃការជន់លិចនៅតាមតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រវែងប្រហែលជា ៥០០គីឡូម៉ែត្រ។
រដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មសង្គ្រោះបន្ទាន់ប្រចាំរដ្ឋ Queensland លោក Mark Ryan បានថ្លែងប្រាប់វិទ្យុ ABC ថា ទឹកភ្លៀងនេះនឹងអាចបង្កផលប៉ះពាល់យ៉ាងខ្លាំង ពោលគឺស្រដៀងទៅនឹងព្យុះស៊ីក្លូនប្រភេទទី១ ដែរ។ ខ្យល់បក់ខ្លាំង ជាមួយនឹងទឹកភ្លៀងបាននិងកំពុង បោកបក់នៅតំបន់ឆ្នេរ Byron Bay ដែលជាឆ្នេរទេសចរណ៍ដ៏ល្បីល្បាញប្រចាំតំបន់។ ព្យុះនេះបានកើតឡើង ក្នុងរយៈពេលតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរលកកម្តៅបានសាយភាយពាសពេញតំបន់ ដែលបានធ្វើឲ្យសីតុណ្ហភាពកើនឡើងរហូតដល់ ៣៥អង្សាសេ នៅក្នុងតំបន់មួយចំនួន។
នៅជុំវិញបញ្ហានេះ ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា បញ្ហាបម្រែបម្រួលអាកាសធាតុបានបង្កឲ្យអាកាសធាតុវិវឌ្ឍន៍ទៅរកសភាពកាន់តែអាក្រក់ជាងនេះទៅទៀត ដោយនាំមកនូវគ្រោះមហន្តរាយជាច្រើន រួមមានគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ និងព្យុះស៊ីក្លូនដែលមានឥទ្ធិពលខ្លាំងជាងនេះទ្វេដង ប្រសិនបើសីតុណ្ហភាពនៅជុំវិញពិភពលោកនៅតែបន្តកើនឡើង។
គួរបញ្ជាក់ថា អូស្ត្រាលីគឺជាប្រទេសនាំចេញប្រេងឥន្ធនៈឈានមុខគេមួយនៅលើពិភពលោក ហើយរដ្ឋាភិបាលអភិរក្សនិយម នៅតែស្ទាក់ស្ទើរចំពោះគោលនយោបាយកាត់បន្ថយការបំភាយកាបូន បើទោះបីជាការស្ទង់មតិថ្មីៗ បានបង្ហាញថាប្រជាជនអូស្រ្តាលីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការប្រែប្រួលអាកាសធាតុក៏ដោយ៕