(ប៊ែរឡាំង)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យារបស់អាល្លឺម៉ង់ ឃ្យួរវ៉ាក់ (CureVac) បានចាប់ផ្តើមការធ្វើតេស្តដំណាក់កាលទី ពីរប៊េលើបី (២b/៣) ដែលជាដំណាក់កាលសំខាន់មួយទៀត សម្រាប់បេក្ខភាពវ៉ាក់សាំង COVID-19 របស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅល្ងាចថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
ក្រុមហ៊ុន CureVac បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើតេស្តនេះនឹងវាយតម្លៃទៅលើសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង COVID-19 របស់ខ្លួន ក្នុងរាងកាយមនុស្សពេញវ័យ ហើយត្រូវបានគេរំពឹងថា នឹងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង ៣៥,០០០នាក់ នៅទូទាំងតំបន់អឺរ៉ុប និងនៅអាមេរិកឡាទីន។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CureVac បានអះអាងថា ទិន្នន័យពីការធ្វើតេស្តកន្លងមក គឺប្រកបដោយក្តីសង្ឃឹម ហើយលោករំពឹងថា នឹងទទួលបានលទ្ធផលប្រសើរថែមទៀត ក្នុងការធ្វើដំណើរទៅមុន សម្រាប់ដំណាក់កាលបន្ទាប់នេះ (កៀកដំណាក់កាលចុងក្រោយ)។
គួរបញ្ជាក់ថា វ៉ាក់សាំងរបស់ក្រុមហ៊ុន CureVac ស្ថិតក្នុងចំណោមគម្រោងអភិវឌ្ឍន៍វ៉ាក់សាំង ចំនួនបីធំៗរបស់អាល្លឺម៉ង់ ដើម្បីប្រឆាំង COVID-19 ដែលរដ្ឋាភិបាលអាល្លឺម៉ង់កំពុងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សរុបប្រមាណ ៧៥០លានអឺរ៉ូ ឬស្មើនឹង ៩១១លានដុល្លារអាមេរិក។ កន្លងមកនេះ គណៈកម្មការអឺរ៉ុបបានចុះកិច្ចព្រមព្រៀងកក់វ៉ាក់សាំង COVID-19 ចំនួន ៤០៥លានដូសរួចស្រេចទៅហើយពីក្រុមហ៊ុន CureVac៕