(វ៉ាស៊ីនតោន)៖ អ្នកបោះឆ្នោតតំណាង ឬអង្គបោះឆ្នោត (Electoral College) នឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី ជាផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) ស្របពេល មានការរំពឹងខ្ពស់ថា ពួកគេនឹងបោះឆ្នោតឱ្យប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន ខណៈលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែជម្នះមិនព្រមទទួលស្គាល់លទ្ធផលបោះឆ្នោត ដែលលោកផ្ទាល់បានបន្តចោទប្រកាន់ថា «ត្រូវបានលួចបន្លំ»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
លទ្ធផលបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដែលទទួលស្គាល់ដោយរដ្ឋទាំង ៥០ នៃសហរដ្ឋអាមេរិក និងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីបានបង្ហាញថា លោក បៃដិន គឺជាអ្នកឈ្នះទាំងចំនួនអង្គបោះឆ្នោត (Electoral College) និងសំឡេងបោះឆ្នោតពីប្រជាជនអាមេរិក (Popular Vote)។ លោក បៃដិន ទទួលបានសន្លឹកឆ្នោតពីប្រជាជន ៨១.៣លាននាក់ ឬស្មើនឹង ៥១.៣ភាគរយ ព្រមទាំងប្រមូលបានអង្គបោះឆ្នោត ៣០៦រូប ខណៈលោក ត្រាំ ទទួលបានសន្លឹកឆ្នោតពីប្រជាជន ៧៤.២លាននាក់ ឬ ៤៦.៨ភាគរយ និងអង្គបោះឆ្នោត ២៣២រូប។
នៅសហរដ្ឋអាមេរិក ប្រជាជនមិនមែនជាអ្នកបោះឆ្នោត ជ្រើសរើសប្រធានាធិបតីដោយផ្ទាល់នោះឡើយ តែអង្គបោះឆ្នោតទៅវិញទេ គឺជាអ្នកបោះឆ្នោតតំណាងឱ្យប្រជាជនអាមេរិក ដើម្បីកំណត់ថា នរណាជាប្រធានាធិបតី។ អង្គបោះឆ្នោតសរុបទាំង ៥៣៨រូប នឹងត្រូវជួបជុំគ្នានៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក ត្រូវនឹងយប់ថ្ងៃចន្ទនេះ ពេលវេលានៅភ្នំពេញ) នៅតាមរដ្ឋធានីនៃរដ្ឋនីមួយៗរបស់ពួកគេ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ។
ដើម្បីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោក ត្រាំ ឬលោក បៃដិន ត្រូវប្រមូលសំឡេងគាំទ្រពីអង្គបោះឆ្នោត ២៧០រូប។ ទោះជាយ៉ាងណា ដោយសារតែទទួលបានអង្គបោះឆ្នោតដល់ទៅ ៣០៦រូបទៅហើយនោះ លោក ចូ បៃដិន ត្រូវបានគេរំពឹងខ្ពស់ថា នឹងក្លាយជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ដែលនឹងត្រូវស្បថឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។
គួរបញ្ជាក់ថា អង្គបោះឆ្នោត ឬ Electoral College ជាទូទៅ ត្រូវបានតែងតាំងដោយគណបក្សធំៗទាំងពីរ នៅក្នុងសហរដ្ឋអាមេរិក គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។ ក្រោយត្រូវបានជ្រើសរើសជាបេក្ខភាព អង្គបោះឆ្នោតត្រូវស្បថសច្ចាប្រណិធាន ស្មោះស័្មគ្រជាមួយគណបក្ស និងគាំទ្រគោលនយោបាយនៃបេក្ខជនប្រធានាធិបតី តំណាងឱ្យបក្សរបស់ខ្លួន។ រដ្ឋធម្មនុញ្ញអាមេរិកមិនបានចែងថា អ្នកបោះឆ្នោតតំណាង ត្រូវតែគោរពតាមការបោះឆ្នោតប្រជាជន ឬ Popular Vote ដោយឥតងាករេនោះទេ។
ប៉ុន្តែទន្ទឹមគ្នាមានរដ្ឋចំនួន ២៤ ក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកបានចែងច្បាប់ពិសេសថា អង្គបោះឆ្នោតមានភារកិច្ច «បោះឆ្នោតស្របទៅតាមចំនួន មតិភាគច្រើននៃប្រជាពលរដ្ឋ» រស់នៅក្នុងរដ្ឋរបស់ពួកគេ បើមិនដូច្នេះទេពួកនឹងត្រូវទទួលទោស ឬរងការពិន័យ។ កន្លងមក ករណីអង្គបោះឆ្នោត ដែលបានងាកទៅបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី មកពីបក្សដទៃ ក៏ធ្លាប់មានដែរ តែបញ្ហានោះមិនដែលបានធ្វើឱ្យប្រែប្រួល ដល់លទ្ធផលបោះឆ្នោតជារួមឡើយ។ ដូច្នេះគ្រប់គ្នានៅតែមានរំពឹងខ្ពស់ថា លោក ចូ បៃដិន នឹងទទួលបានសំឡេងអង្គបោះលើស ២៧០ ដើម្បីជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកថ្មី៕