(អាមេរិក)៖ មហាសេដ្ឋីអាមេរិក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ធ្លាប់បានព្រមានម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកនឹងកត់ត្រាចំនួនអ្នកស្លាប់ ដោយសារជំងឺ COVID-19 បន្ថែមទៀត ប្រសិនបើមនុស្សមិនព្រមអនុវត្តតាមវិធានការរឹតត្បិត ដើម្បីការពារការឆ្លង និងរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
លោក Bill Gates បានថ្លែងប្រាប់ទូរទស្សន៍ CNN នៅថ្ងៃអាទិត្យថា បារ និងភោជនីយដ្ឋានជាច្រើនកន្លែងនៅទូទាំងប្រទេស ត្រូវតែបន្តបិទទ្វារ ហើយនេះគឺជាការលះបង់ចាំបាច់ ដែលយើងត្រូវធ្វើ ពីព្រោះក្នុងរយៈពេលពី ៤ ទៅ ៦ ខែទៀតយើងត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីទប់ស្កាត់ការឆ្លងបន្ថែម។ យោងតាមសម្តីលោក Gates បានឲ្យដឹងថា នៅត្រឹមរដូវក្តៅឆ្នាំ២០២១ ជីវិតប្រចាំថ្ងៃនឹងអាចវិលទៅរកសភាពធម្មតាវិញ ប៉ុន្តែហានិភ័យនៃការផ្ទុះឡើងវិញ នៅតែអាចកើតមានដដែល សូម្បីតែនៅដើមឆ្នាំ២០២២។ លោកក៏បានធ្វើការសន្និដ្ឋានទៀតថា ប្រហែលជា ០៩ខែទៀត ការជួបជុំនៅតាមទីសាធារណៈ នឹងនៅតែបន្តត្រូវបានហាមឃាត់ ក៏ប៉ុន្តែចន្លោះពី ១២ ទៅ ១៨ខែទៀត យើងអាចមានឱកាសវិលទៅរកសភាពប្រក្រតីវិញ។
កាលពីសប្តាហ៍មុន មហាសេដ្ឋីអាមេរិករូបនេះបានកត់សម្គាល់ថា លោកមិនជឿទេថា ពិភពលោកនឹងវិលត្រឡប់ទៅរកសភាពធម្មតាវិញឡើយ រហូតដល់ពាក់កណ្តាលឆ្នាំ២០២២។ កាលខែតុលាកន្លងទៅ លោក Gates ក៏ធ្លាប់រិះគន់រដ្ឋបាលលោក ត្រាំ ជុំវិញវិធានការឆ្លើយតប ទៅនឹងជំងឺរាតត្បាតសកល COVID-19 និងបានព្យាករណ៍ថា ចំនួនអ្នកស្លាប់នឹងនៅតែបន្តកើនឡើង។
យោងតាមទិន្នន័យពី worldometers ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ១៦,៧៣៧,២៦៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣០៦,៤៥៩នាក់ និងជាសះស្បើយឡើងសរុបចំនួន ៩,៧២៤,៤៣៩នាក់៕