(ចូហាន់ណែសប៊ឺក)៖ នាយករដ្ឋមន្ត្រីនៃប្រទេសអេស្វាទីនី ឬកន្លងមកយើងគ្រប់គ្នាស្គាល់ថា ស្វាស៊ីឡង់ (Eswatini ឬ Swaziland) ដែលជារាជាណាចក្រមួយប្រចាំនៅទ្វីបអាហ្វ្រិក បានទទួលមរណភាពហើយ ដោយសារជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យនៃប្រទេសអាហ្វ្រិកខាងត្បូង។ នេះបើតាមសេចក្តីថ្លែងការណ៍ ចេញពីរដ្ឋាភិបាលស្វាស៊ីឡង់ ដែលត្រូវបានដកស្រង់ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។
លោកនាយករដ្ឋមន្ត្រី អាំប្រូស ដ្លាមីនី (Ambrose Dlamini) បានទទួលមរណភាពនៅក្នុងអាយុ ៥២ឆ្នាំ ក្រោយពីលោកបានធ្វើតេស្តចេញលទ្ធផល «វិជ្ជមាន» ចំពោះជំងឺ COVID-19 អស់រយៈពេល ២សប្តាហ៍ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យធំមួយ ក្នុងប្រទេសជិតខាងខ្លួន គឺអាហ្វ្រិកខាងត្បូង។
ឧបនាយករដ្ឋមន្ត្រីនៃប្រទេសស្វាស៊ីឡង់ លោក ធឹមបា ម៉ាស៊ូគូ (Themba Masuku) បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព្រះមហាក្សត្ររបស់យើង បានត្រាស់បង្គាប់ឲ្យរូបខ្ញុំ ជម្រាបជូនដំណឹងក៏ក្រៀមក្រំបំផុត ទៅកាន់ប្រជាជាតិរបស់យើងថា ឯកឧត្តមនាយករដ្ឋមន្ត្រី Ambrose Dlamini បានទទួលមរណភាពហើយ»។
គួរបញ្ជាក់ថា ស្វាស៊ីឡង់ជាប្រទេសតូចមួយ គ្រប់គ្រងដោយរបបស្តេច ស្ថិតនៅតំបន់អាហ្វ្រិកភាគខាងត្បូង។ បច្ចុប្បន្នប្រទេសដែលមានប្រជាជន ១.១៦លាននាក់មួយនេះ មានអ្នកឆ្លងជំងឺ COVID-19 សរុប ៦,៧៦៨ករណី ក្នុងនោះស្លាប់ ១២៧នាក់ និងជាសះស្បើយឡើងវិញ ៦,៣៧៩នាក់៕