(ញូយ៉ក)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបានបើកការបាញ់ប្រហារ ចេញពីកាំជណ្ដើរនៃវិហារគ្រិស្ត ខាសេដ្រាល់ (Cathedral) នៅទីក្រុងញូយ៉ក បន្ទាប់ពីក្រុមចម្រៀងមួយក្រុមបានសម្ដែងនៅទីនោះ នៅថ្ងៃអាទិត្យ (ពេលវេលានៅញូយ៉ក) ត្រូវបានបាញ់ប៉ូលិសបាញ់សម្លាប់ហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យនាយកដ្ឋានប៉ូលិសទីក្រុងញូយ៉ក លោក អ៊ែដវើដ រីលី (Edward Riley) បានគូសបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់នោះ បានបាញ់ប្រហារទៅលើមន្រ្តីប៉ូលិស ប៉ុន្តែគ្មាននរណាម្នាក់បានរងរបួស នៅក្នុងអំពើហិង្សានាពេលរសៀលថ្ងៃអាទិត្យ នៅភាគខាងលិចនៃសង្កាត់ មែនហាតធិន (Manhattan) ទីក្រុងញូយ៉កនោះឡើយ។

អ្នកនាំពាក្យខាងលើបានគូសបញ្ជាក់ទៀតថា ខ្មាន់កាំភ្លើងដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ បន្ទាប់ពីបានរងការបាញ់តបត ដោយមន្រ្តីប៉ូលិសវិញ ដើម្បីរក្សាសុវត្ថិភាពឲ្យប្រជាជន ដែលឈរទស្សនាកម្មវិធីប្រគុំតន្ត្រី នៅក្បែរទីតាំងកើតហេតុនោះ។ ប៉ុន្តែក្រោយមកព័ត៌មានត្រូវបានបញ្ជាក់ថា ខ្មាន់កាំភ្លើងនោះបានស្លាប់។

គួរបញ្ជាក់ថា ការបាញ់ប្រហារនេះ បានកើតឡើងនៅខាងក្រៅវិហារគ្រិស្ត Cathedral នៅទីក្រុងញូយ៉ក ដែលមានទីតាំងនៅ អាំស្ទឺរដាំ អេវិននូ (Amsterdam Avenue) នៅរយៈពេលប្រហែលជា ១៥នាទី បន្ទាប់ពីក្រុមចម្រៀងមួយក្រុម បានបញ្ចប់ការសម្ដែងរបស់ពួកគេ នៅលើជណ្តើរវិហារនោះ ដែលបានទាក់ទាញអ្នកទស្សនាប្រមាណ ២០០នាក់៕