(វ៉ាស៊ីនតោន)៖ រថយន្តកុងតឺន័រ ដឹកជញ្ជូូនវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer/BioNTech បានបើកចេញពីរោងចក្រផលិតនៅរដ្ឋមីឈីហ្គែនហើយ នៅថ្ងៃអាទិត្យនេះ ដើម្បីយកទៅចែកចាយឲ្យប្រើប្រាស់ នៅទៅទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Wall Street Journal នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។
ក្នុងដំណាក់កាលដំបូង វ៉ាក់សាំងចំនួន ៣លានដូស ត្រូវបានគេរំពឹងថានឹងត្រូវចែកចាយនៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ នៅឡើយទេថាតើនរណានឹងទទួលការចាក់វ៉ាក់សាំងមុនគេ ខណៈបុគ្គលិកសុខាភិបាល, អ្នកនៅជួរមុខប្រយុទ្ធជាមួយ COVID-19 និងមនុស្សងាយរងគ្រោះ ត្រូវបានគេជឿជាក់ថានឹងទទួលការចាក់វ៉ាក់សាំងជាអាទិភាព។
បើតាមក្រុមមន្ត្រីអាមេរិក ការដឹកជញ្ជូនវ៉ាក់សាំងនឹងត្រូវធ្វើជាដំណាក់កាល ដោយក្នុងដំណាក់កាលដំបូងនេះ នឹងទៅដល់មណ្ឌលចែកចាយចំនួន ១៤៥កន្លែងនៅចន្ទស្អែកនេះ ហើយគោលដៅចំនួន៤២៥កន្លែងផ្សេងទៀត នឹងទទួលបានវ៉ាក់សាំងនៅថ្ងៃអង្គារ និង៦៦កន្លែងទៀតគឺនឹងទទួលបាន វ៉ាក់សាំងនៅថ្ងៃពុធ។
គួរបញ្ជាក់ថា សកម្មភាពនេះ ត្រូវបានគេចាត់ទុកថាជា ជំហានដ៏សំខាន់ ក្នុងការទប់ស្កាត់ជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ដែលរហូតមកទល់ពេលនេះ វាបានសម្លាប់ប្រជាជនអាមេរិកប្រមាណជាង ៣០មុឺននាក់មកហើយនេះ៕