Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រទេសគូវ៉ែត អនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនPfizer-BioNtech ខណៈប្រទេសអារ៉ាប់រួម និងបារ៉ែន អនុម័តឲ្យប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm (Video inside)

13-12-2020 21:55

(គូវ៉ែត)៖ ក្រសួងសុខាភិបាលនៃប្រទេសគូវ៉ែត សម្រេចអនុម័តឲ្យប្រើជាបន្ទាន់ នូវវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer-BioNtech ហើយនៅថ្ងៃអាទិត្យនេះ ខណៈប្រទេសឈូងសមុទ្រពីរទៀត គឺប្រទេសអារ៉ាប់រួម និងបារ៉ែន អនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinopharm។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Arab News នៅយប់ថ្ងៃអាទិត្យ ទី១៣ ខែធ្នូ ឆ្នាំ២០២០។

ទីភ្នាក់ងារព័ត៌មានរដ្ឋគូវ៉ែត KUNA បានប្រកាសថា នៅថ្ងៃអាទិត្យនេះ ក្រសួងសុខាភិបាលនៃប្រទេសសម្បូរប្រេងមួយនេះ បានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ នូវវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer។ ក្រសួងបានផ្តល់ជម្រើសដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះជាមុន ដើម្បីទទួលវ៉ាក់សាំង នៅលើគេហទំព័ររបស់ខ្លួន។

នៅថ្ងៃដដែលនេះ ប្រទេសឈូងសមុទ្រអារ៉ាប់ពីរទៀត គឺប្រទេសអារ៉ាប់រួម និងបារ៉ែន បានក៏បានអនុម័តឲ្យប្រើប្រាស់ វ៉ាក់សាំងប្រឆាំង COVID-19 របស់ក្រុមហ៊ុនចិន Sinopharm ផងដែរ។ ហើយការសម្រេចទទួលស្គាល់ និងអនុញ្ញាតឲ្យប្រើប្រាស់នេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលនៃការតេស្តដំណាក់កាលចុងក្រោយ លើវ៉ាក់សាំងមួយនេះ បានបង្ហាញថា មានប្រសិទ្ធភាពរហូតដល់ ៨៦%៕